(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានផ្ញើលិខិតទៅលោក ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដើម្បីផ្ដល់កិច្ចអន្ដរាគមន៍ក្នុងការស្វែងរកកីឡាករ-កីឡាការិនី ដែលមានឈាមជ័រជាខ្មែរ រស់នៅក្រៅប្រទេស មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាផ្សេងៗ ក្នុងនាមតំណាងឲ្យប្រទេសជាតិកម្ពុជានាពេលខាងមុខ ។
យោងតាមកម្មវត្ថុនៃលិខិតខាងលើ បានបញ្ជាក់ថា ដោយផ្នែកលើខ្លឹមសារផែនការមេ SEA Games ឆ្នាំ២០២៣ ដែលទើបអនុម័តក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីកាលពីពេលថ្មីៗកន្លងទៅ ហើយអនុញ្ញាតឲ្យអត្តពលិកមានឈាមជ័រជាខ្មែរ រស់នៅក្រៅប្រទេសចូលរួមប្រកួតតំណាងឲ្យជាតិនោះ NOCC ក៏បានអំពាវនាវឲ្យកូនខ្មែរ រស់នៅក្រៅប្រទេសទាំងអស់ មកជួយប្រទេសជាតិរបស់ខ្លួន ។
អាស្រ័យហេតុនេះហើយ ទើបគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សុំកិច្ចអន្តរាគមន៍ពីលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន តាមរយៈស្ថានទូតនៃប្រទេសកម្ពុជា ប្រចាំនៅប្រទេសមួយចំនួន ចូលរួមផ្ដល់ព័ត៌មានមកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំពីប្រជាពលរដ្ឋខ្មែរ ឬកូនខ្មែរកាត់បរទេស ដើម្បីផ្ដល់ឱកាសឲ្យពួកគេបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ ដើម្បីលើកមុខមាត់ប្រទេសជាតិកម្ពុជា ៕