(ភ្នំពេញ)៖ សិល្បការិនីល្បីឈ្មោះ អ្នកនាង ចន ចាន់លក្ខិណា បានសម្តែងការឈឺចាប់ជំនួសកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានអ្នកនយោបាយ យកខ្លួននាងទៅលេងសើចមិនទទួលខុសត្រូវ ហើយតារាសម្តែងរូបនេះ បានបង្ហាញការគាំទ្រ ឱ្យស្រីមុំ ដាក់ពាក្យប្តឹងដើម្បីទាមទាររកយុត្តិធម៌។
នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី១៤ ខែឱសភា ឆ្នាំ២០១៦នេះ អ្នកនាង ចន ចាន់លក្ខិណា បានលើកឡើងថា តាមរយៈការតាមដានរបស់ខ្ញុំ ចំពោះបណ្តាញព័ត៌មាន ក៏ដូចជានៅលើ Facebook ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះ កញ្ញា ខុម ចន្ទតារាទី ហៅ ស្រីមុំ ដែលត្រូវបានជនមានគំនិតទុច្ចរិត និង គ្មានការទទួលខុសត្រូវ បានយកនាងមកលេងសើច ដើម្បីបំពេញនូវសេចក្តីសប្បាយដោយអសីលធម៌របស់ខ្លួន។
អ្នកនាង ចន ចាន់លក្ខិណា បានបន្ថែមថា «ក្នុងនាមខ្ញុំជាស្ត្រីដូចគ្នា ខ្ញុំពិតជាមានការឈឺចាប់ណាស់នៅក្នុងករណីនេះ និងសូមគាំទ្រ ចំពោះការសម្រេចចិត្ត របស់ប្អូនស្រី ដែលបានដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌។ ក្នុងនាមបង ជាស្ត្រីម្នាក់ និងសិល្បៈការិនីផ្សេងទៀត សូមគាំទ្រ និងលើកទឹកចិត្តដល់ប្អូនស្រី ឲ្យមានភាពរឹងមាំ បន្តការងារដើម្បីស្វែងរកយុត្តិធម៌ ដែលប្អូនត្រូវបានបំពានដោយជនទុច្ចរិត និងខ្វះការទទួលខុសត្រូវ។ យើងទាំងអស់គ្នា ជាស្ត្រីនៅតែបន្តគាំទ្រ និងយកចិត្តទុកដាក់ចំពោះប្អូនស្រី»។
សូមបញ្ជាក់ថា កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ កាលពីខែមុន បានចេញលិខិត ចំហរមួយដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវស្នេហា លួចលាក់រវាងនាងជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងរឿងដែលនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នាពេលកន្លងមក។
មូលហេតុដែលនាងមិនឆ្លើយការពិតប្រាប់សមត្ថកិច្ច នៅនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន របស់ក្រសួងមហាផ្ទៃ និងសារព័ត៌មាននានាកន្លងមកនោះ ត្រូវបានស្រីមុំលាតត្រដាងតាមលិខិតចំហរនេះថា ដោយសារតែមានការបង្គាប់ពី លោក កឹម សុខា មន្រ្តីសង្គមស៊ីវិល រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
កញ្ញា ខុម ចាន់តារ៉ាទី ដែលអះអាងថា នាងមានការឈឺចាប់បំផុតន៖ ក៏បានដាក់ពាក្យប្តឹង លោក កឹម សុខា ទាមទារសំណងខូចខាតកិត្តិយស ចំនួន៣០ម៉ឺនដុល្លារផងដែរ៕