(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦នេះ មានរយៈពេលពីរឆ្នាំគត់ ដែល Fresh News បានឈានជើងចូលក្នុងសមរភូមិព័ត៌មាន ដែលពោរពេញដោយការប្រកួតប្រជែង ក្នុងយុគសម័យព័ត៌មានបច្ចេកវិទ្យា ដើម្បីបម្រើដល់មិត្តអ្នកអាន។ រយៈពេលត្រឹមតែពីរឆ្នាំនេះ Fresh News ទទួលបានការគាំទ្រយ៉ាងច្រើនពីមិត្តអ្នកអានជាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលជាភាពជោគជ័យក្នុងវិស័យព័ត៌មាន។

Fresh News បានចាប់ផ្តើមដំណើរការជាផ្លូវការ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ជាមួយបច្ចេកវិទ្យាថ្មីសន្លាងនៅកម្ពុជា ក្នុងការផ្តល់ព័ត៌មានតាមបែបបច្ចេកវិទ្យាទំនើប គឺការបាញ់បញ្ជូនព័ត៌មានទៅដល់ដៃរបស់អ្នកអាន។  មានន័យថា អ្នកអានអាចទទួលបានព័ត៌មានភ្លាមៗនៅលើទូរស័ព្ទដៃទំនើប (Smart Phone) និងឧបករណ៍ទំនើបៗ ដូចជា iPad, Tablet ជាដើម ដោយគ្រាន់តែដំឡើងកម្មវិធីទទួលព័ត៌មានរបស់ Fresh News (Install Fresh News App) ។ ក្រៅពីការបាញ់បញ្ជូនទៅលើទូរស័ព្ទដៃហើយនោះ Fresh News ក៏បាញ់ព័ត៌មានទៅលើកុំព្យូទ័រផងដែរ ។

គិតត្រឹមគម្រប់ខួបពីរឆ្នាំថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦នេះ Fresh News App បាននិងកំពុងស្ថិតនៅលើដៃរបស់អ្នកអានជាប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកប្រមាណ ៦០ម៉ឺននាក់។ គេហទំព័រព័ត៌មានរបស់ Fresh News (www.freshnewsasia.com) ក៏បាននិងកំពុងឈរស្ថិតនៅលំដាប់លេខ១ ក្នុងការផ្តល់ព័ត៌មាននយោបាយ សង្គម សេដ្ឋកិច្ច សន្តិសុខសង្គម និងព័ត៌មានផ្សេងៗទៀត។ នេះបើយោងតាមការវាយតម្លៃរបស់គេហទំព័រអន្តរជាតិ Alexa។

លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានចាត់ទុកការទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបក្នុងរយៈពេលដ៏ខ្លីនេះ ជាមោទនភាពមួយសម្រាប់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក
ក៏ដូចជាអង្គភាពទាំងមូល។ លោក លឹម ជាវុត្ថា បានបញ្ជាក់ថា សមិទ្ធផលជាមោទនភាពមួយនេះ មិនអាចកើតមានឡើយ ប្រសិនបើគ្មានការប្រមូលផ្តុំពុទ្ធិ បញ្ញាស្មារតី និងការខិតខំអស់ពីកម្លាំងកាយចិត្តពីថ្នាក់ដឹកនាំ រហូតដល់បុគ្គលិកគ្រប់ផ្នែកទាំងនៅទីស្នាក់ការកណ្តាល និងតាមបណ្តារាជធានី-ខេត្ត។

លោកនាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលមានវ័យទើបជាង ៣៦ឆ្នាំ និងបានប្រឡូកក្នុងវិស័យព័ត៌មានមិនតិចជាង ១៥ឆ្នាំរូបនេះ បានបញ្ជាក់ថា «ដូចយើងទាំងអស់គ្នាដឹងហើយ គ្មានភាពរីកចម្រើន និងសមិទ្ធផលត្រចះត្រចង់ណាមួយអាចកើតមានឡើយ ប្រសិនបើយើងដឹកនាំដោយគ្មានចក្ខុវិស័យវែងឆ្ងាយទេនោះ ហើយបើការដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ តែខ្វះការរួបរួម និងការប្រឹងប្រែងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ពីគ្រប់កោសិកានៅក្នុងស្ថាប័ន ឬអង្គភាពទេនោះ ភាពជោគជ័យ និងការលូតលាស់ ក៏មិនអាចកើតមានផងដែរ។ ខ្ញុំចង់និយាយថា អ្វីដែលអង្គភាព Fresh News បាននិងកំពុងទទួលបាននេះ គឺបានកើតចេញពីការប្រមូលផ្តុំកម្លាំងពីបុគ្គលិករបស់ខ្ញុំទាំងអស់ ហើយពួកគេបានខិតខំប្រឹងប្រែងបម្រើការងារប្រកបដោយការតាំងចិត្តខ្ពស់ ហើយស្វាហាប់ក្នុងការងារបំផុត អាចនិយាយបានថា បុគ្គលិករបស់ខ្ញុំ បានបានចាត់ទុកការងាររបស់ពួកគេ ដូចជាចំណីអាហារ»

គេនិយាយថា មនុស្សម្នាក់ បញ្ហាមួយ ដូច្នេះបុគ្គលិកដែលមានចំនួនមិនតិចជាង ១០០នាក់នៅក្នុងអង្គភាព Fresh News បញ្ហាក៏មានរាប់រយផងដែរ ហើយការគ្រប់គ្រងបុគ្គលិកជាអ្នកព័ត៌មាន
ដែលជាមនុស្សចូលចិត្តសេរីភាពនិយមរឹតតែលំបាកទៅទៀត។ មានសំណួរសួរថា តើ CEO វ័យក្មេងរូបនេះ មានវិធីសាស្រ្ត និងយុទ្ធសាស្រ្តពិសេសអ្វី ដើម្បីគ្រប់គ្រង់បុគ្គលិក និងដឹកនាំស្ថាប័នព័ត៌មានមួយនេះ
ឲ្យបានលេចធ្លោឡើងក្នុងរយៈពេលខ្លីបែបនេះ?

លោក លឹម ជាវុត្ថា បានបញ្ជាក់ថា ភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាព័ត៌មាន និងជំនួញលើវិស័យពាណិជ្ជកម្ម វាមិនសូវជាមានឧបសគ្គឡើយ សម្រាប់រូបលោក ដែលជាអ្នកចូលចិត្តស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងស្វែងយល់អំពីជនល្បីៗផែ្នកជំនួញ ព្រោះការចូលចិត្តនេះហើយ ទើបធ្វើឲ្យរូបលោក និងដៃគូស្ថាបនិករបស់លោក គឺលោក គឹម ម៉េង អាចរកឃើញវិធីបញ្ជូនព័ត៌មានទៅដល់ដៃរបស់អ្នកអានមុនគេនៅកម្ពុជា។ សម្រាប់ការគ្រប់គ្រង និងដឹកនាំបុគ្គលិកវិញ លោក លឹម ជាវុត្ថា បានបញ្ជាក់ថា លោកបានផ្តល់សេរីភាពពេញលេញឲ្យបុគ្គលិកបំពេញការងារ តាមជំនាញរបស់ពួកគេ តែក៏ត្រូវតាមដានជាប់ជានិច្ចមិនអាចធ្វេសប្រហែស សូម្បីមួយវិនាទី។ ចំណុចពិសេសមួយទៀត ដែលនាំឲ្យបុគ្គលិកធ្វើការងារប្រកបដោយភាពស្វាហាប់ គឺជាចម្បងទៅលើបញ្ហាក្រពះរបស់ពួកគេ ពោលបើជីវភាពរបស់ពួកគេលែងមានបញ្ហាហើយ ដូច្នេះពួកគេនឹងលែងចំណាយពេលគិតពីបញ្ហាក្រពះ និង ជីវភាព ហើយក៏ផ្តោតការយកចិត្តទុកដាក់ខ្ពស់សម្រាប់ការងារផងដែរ។

CEO ដែលមានជីវភាពជាកូនកំព្រាទាំងឪពុក និងម្តាយតាំងពីអាយុជាង ១០ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ «បញ្ហាជីវភាព គឺជារឿងសំខាន់ណាស់សម្រាប់សតិអារម្មណ៍បុគ្គលិក ដូច្នេះក្រៅពីការផ្តល់ប្រាក់បៀវត្សរ៍សមរម្យ ដល់ពួកគេហើយ យើងនៅបន្ថែមភាគលាភថែមទៀត ដើម្បីធានាថា ជីវភាពរបស់ពួកគេមានស្ថេរភាព។ ខ្ញុំជឿជាក់ថា គ្មានបុគ្គលណាម្នាក់ វាយបំបែកកន្លែងចិញ្ចឹមក្រពះរបស់ពួកគេនោះទេ ផ្ទុយទៅវិញពួកគេនឹងប្រឹងប្រែង ថែរក្សាឲ្យកាន់តែរឹងមាំ ដើម្បីក្រពះ និងឧត្តមភាពជីវិតរបស់ពួកគេ»

លោក លឹម ជាវុត្ថា ក៏បានយកឱកាសប្រារព្ធខួបពីរឆ្នាំ នៃការដាក់ឲ្យដំណើរការងារ Fresh News នេះ អរគុណដល់បុគ្គលិកគ្រប់ផ្នែកទាំងនៅទីស្នាក់ការកណ្តាល និងនៅតាមបណ្តារាជធានី-ខេត្ត ដែលបានខិតខំអស់កម្លាំងចិត្ត ដើម្បីភាពរីកចម្រើន និងវឌ្ឍនភាពរបស់អង្គភាព។ លោក ក៏សង្ឃឹមថា បុគ្គលិកទាំងអស់ នឹងចាត់ទុកដំបូល Fresh News ជាជម្រកជីវិត ដ៏ត្រជាក់ត្រជុំ ហើយបន្តប្រមូលផ្តុំកម្លាំងបញ្ញាស្មារតី ដើម្បីអភិវឌ្ឍដំបូលជីវិតមួយនេះ ឲ្យកាន់តែរីកធំធាត់ទៅមុខថែមទៀត។

បើទោះបីយ៉ាងណា លោកនាយកប្រតិបត្តិរបស់ Fresh News ក៏មិនភ្លេចគោរពថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុននានា ដែលបានជួយឧបត្ថម្ភគាំទ្រ និងមិត្តអ្នកអានទាំងអស់ ដែលតែងផ្តល់ការជឿទុកចិត្តដល់ អង្គភាពព័ត៌មាន Fresh News ។ លោក លឹម ជាវុត្ថា បានបញ្ជាក់ថា បើមានតែការខិតខំ ហើយគ្មានការគាំទ្រជឿទុកចិត្តពីម្ចាស់ក្រុមហ៊ុន និងមិត្តអានទេនោះ Fresh News មិនអាចដណ្តើមយកបានប្រជាប្រិយភាព
ដ៏លេចធ្លោក្នុងវិស័យព័ត៌មានបាននោះឡើយ។

លោកនាយកប្រតិបត្តិ ក៏សូមអរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយទាំងអស់នៅកម្ពុជា ដែលជានិច្ចកាលតែងសហការជួយសម្របសម្រួលផ្តល់ព័ត៌មាន ដែលជួយ ឲ្យអង្គភាព Fresh News តែងទទួលបានព័ត៌មាន និង ដំណឹងទាន់ហេតុការណ៍យកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋជ្រាបជាដំណឹង។ Fresh News ក៏រំពឹងថា រាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយទាំងអស់បន្តកិច្ចសហការផ្តល់ព័ត៌មាន និងដំណឹង យកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានជ្រាប និង យល់ច្បាស់ពីសកម្មភាពនៅក្នុងសង្គមកម្ពុជា។

លោក លឹម ជាវុត្ថា ក៏បានសូមការអធ្យាស្រ័យខ្ពស់ ចំពោះកំហុសឆ្គងអចេតនា និងមិនបានតាំងចិត្តទាំងឡាយ ដែលបានកើតមានក្នុងការផ្តល់ព័ត៌មានក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ លោក ជាវុត្ថា បានតាំងចិត្តថា
នឹងខិតខំកែតម្រូវរាល់កំហុសឆ្គងអចេតនាទាំងអស់នេះ ហើយក៏នឹងខិតខំគ្រប់លទ្ធភាព និងប្រមូលផ្តុំសមត្ថភាព ដើម្បីបម្រើវិស័យព័ត៌មាន ដែលគេនិយមនិយាយថា សមរភូមិសតិអារម្មណ៍មួយនេះឲ្យកាន់តែល្អប្រសើរ។

លោក CEO ក៏បានប្តេជ្ញាចិត្តខិតខំរកវិធីផ្តល់ព័ត៌មានឲ្យកាន់តែសម្បូរណ៍បែបថែមទៀត សម្រាប់មិត្តអ្នកអានរបស់ខ្លួន ជាពិសេសគឺការដំណើរការផ្សាយទូរទស្សន៍តាមប្រព័ន្ធអ៉ីនធើណេត (Online) ដែលបច្ចុប្បន្នអង្គភាពកំពុងដំណើរការ ក្នុងដំណាក់កាលសាកល្បង។

ជាមួយការប្រារព្ធខួបពីរឆ្នាំ លោកនាយកប្រតិបត្តិការ Fresh News បានគោរពបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាចក្រវាឡទាំងមូល តាមអភិបាលប្រោសព្រំ ដល់ម្ចាស់ក្រុមហ៊ុន មិត្តអ្នកអាន និង បុគ្គលិកទាំងអស់
មានសុខភាពល្អប្រសើរ ការប្រកបរបរចិញ្ចឹមជីវិតកាន់តែរីកចម្រើន និងទទួលបានជោគជ័យ៕