ក្រុមការងារជនបង្គោលយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ នាំអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់
14-05-2016 16:51
(កំពង់ចាម)៖ ក្រុមការងារជនបង្គោលយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ ខេត្តកំពង់ចាម តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីពេលថ្មីៗនេះ នៅឃុំចំនួន ៣គឺឃុំមៀន ៣៥គ្រួសារ ឃុំត្រពាំងព្រះ ៣៨គ្រួសារ និងឃុំព្រៃឈរ ១គ្រួសារ។
ក្នុងឱកាសនោះក្រុមការងារបានពាំនាំនូវការសាកសួរសុខទុក្ខ និងការសោកស្តាយចំពោះឧប្បត្តិហេតុនេះ ពីសំណាក់លោក ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ហើយក៏បានផ្ញើជូននូវអំណោយមនុស្សធម៌ រួមមានអង្ករ ២០ គ.ក្រ ទឹកស៊ីអ៉ីវ ៦ដប ទឹកត្រី ៦ដប ទឹកសុទ្ធ ១យួរ និងថវិកា ១០ម៉ឺនរៀល សំរាប់គ្រួសាររងគ្រោះស្រាល (២៧គ្រួសារ) ២០ម៉ឺនរៀលសំរាប់គ្រួសាររងគ្រោះមធ្យម (៤គ្រួសារ) និង៣០ម៉ឺនរៀល សំរាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ (៤គ្រួសារ)។
បន្ទាប់មកក្រុមការងារ ក៏បានចុះទៅពិនិត្យមើលអណ្តូងទឹក ដែលបានខួងហើយតែមិនចេញទឹក និងអណ្តូងដែលកំពុងខួងថ្មីមួយទៀត ស្ថិតក្នុងឃុំល្វា នៃស្រុកព្រៃឈរ។
សូមបញ្ជាក់ថា ឃុំល្វាគឺជាឃុំមួយដែលខ្សត់ប្រភពទឹក ក្រោយពីជួបប្រទះគ្រោះរាំងស្ងួតក្នុងឆ្នាំនេះ ឃុំល្វាបានទទួលនូវអំណោយជាអណ្តូងស្នប់ពី លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ចំនួន ២អណ្ដូង និងលោក ហ៊ីវ គឹមហេង និងលោកស្រី លឹម ស្រីពៅ ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំល្វា ចំនួន ៣អណ្ដូង៕