(វ៉ាស៉ីនតោន-អាមេរិក)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាថ្មីម្ដងទៀត បានបង្ហាញនូវការងឿងឆ្ងល់ និងដាក់ចេញជាសំណួរថា «កម្ពុជា គ្រាន់តែធ្វើមិត្តជាមួយអាមេរិក ហេតុអ្វីក៏លំបាកម្ល៉េះ?» ខណៈដែលកម្ពុជា ស្វាគមន៍ចំពោះការចង់មិត្តភាពជាមួយគ្រប់ប្រទេសទាំងអស់ ដោយស្មើមុខស្មើមាត់។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា នៅរដ្ឋធានីវ៉ាស៉ីនតោន សហរដ្ឋអាមេរិក នាព្រឹ ក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) គ្រាដែលសម្ដេចអញ្ជើញបំពេញបេសកកម្មនៅទីនោះ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាមេរិក នៅតែភ័ន្ដច្រឡំមកលើកម្ពុជា ពាក់ព័ន្ធកំពង់ផែទឹកជ្រៅ នៅសមុទ្ររាម និងការមិនធ្វើសមយុទ្ធរួមគ្នារវាងកម្ពុជា និងអាមេរិក។ ត្រង់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានលើកឡើងម្ដងទៀតថា កំពង់ផែទឹកជ្រៅរបស់កម្ពុជា គឺមិនមែនសម្រាប់កងទ័ពបរទេសណាមួយនោះទេ ហើយរដ្ឋធម្មនុញ្ញកម្ពុជា ក៏មិនអនុញ្ញាតឲ្យមានកងទ័ពបរទេសមកលើទឹកដីរបស់ខ្លួននោះទេ។

មួយទៀត ពាក់ព័ន្ធការមិនធ្វើសមយុទ្ធរួមគ្នារវាងកម្ពុជា និងអាមេរិក សម្ដេចតេជោ ហ៊ុន សែន បានរំលឹកអំពីមូលហេតុដែលផ្អាកការធ្វើសមយុទ្ធនេះ គឺកាលពីឆ្នាំ២០១៧ សម្ដេចបានប្រាប់ទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ថាឆ្នាំដែលកម្ពុជាត្រូវបោះឆ្នោត មិនគួរមានសមយុទ្ធនោះទេ ដូច្នេះត្រូវផ្អាកទាំងអស់។ ត្រង់ចំណុចនេះហើយ បាននាំឲ្យមានការយល់ច្រឡំថា កម្ពុជា ឈប់ធ្វើសមយុទ្ធជាមួយអាមេរិក ហើយបែរមកធ្វើសមយុទ្ធជាមួយចិន។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ពីរចំណុចនេះហើយ ដែលបន្សល់នូវការឈឺក្បាល ដោះស្រាយមិនទាន់ចប់ និងបង្កឲ្យមានការថ្នាំងថ្នាក់មួយចំនួនរវាងទំនាក់ទំនងកម្ពុជា-អាមេរិក។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ខ្ញុំនិយាយដោយត្រង់ថា ខ្ញុំចង់ធ្វើមិត្តជាមួយអាមេរិកហេតុអ្វីក៏លំបាកម្ល៉េះ? បើចង់ធ្វើសត្រូវគួរតែលំបាក ហើយនេះគ្រាន់តែសុំធ្វើមិត្តសោះអីក៏លំបាកម្ល៉េះ»

យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន នៅតែអះអាងថា ទំនាក់ទំនងកម្ពុជា-អាមេរិក នៅពេលនេះបានដើរដល់កម្រិតកំពូល ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រ។ សម្ដេចបានរំលឹកថា មុនឆ្នាំ២០០០ អាមេរិកមិនមានស្ថានទូតផ្ទាល់ខ្លួននៅកម្ពុជានោះទេ ពោលគឺជួលផ្ទះគេដើម្បីធ្វើទីតាំងស្ថានទូត។ ប៉ុន្ដែក្រោយកម្ពុជា មានសន្ដិភាពពេញលេញ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ទីតាំងសម្រាប់អាមេរិកធ្វើជាស្ថានទូត គឺទីតាំងនៅពេលបច្ចុប្បន្ននេះ ក្បែររម្មណីយដ្ឋានវត្តភ្នំ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មវិញ គឺជាពាណិជ្ជកម្មដ៏ធំបំផុត រហូតដល់ជាង៩ពាន់លានដុល្លារ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា កម្ពុជា ត្រូវការទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម មិនត្រូវការកងទ័ពបរទេសណា ឬអ្នកជំនាញការបរទេសណានោះទេ ហើយក៏គ្មានភាពចាំបាច់អីដែលកម្ពុជាត្រូវការកងទ័ពបរទេសនោះដែរ។

ដោយឡែក សម្រាប់ពាក់ព័ន្ធកំពង់ផែទឹកជ្រៅ កន្លងទៅអាមេរិក, បារាំង, ចិន, ជប៉ុន, អូស្ដ្រាលី និងអង់គ្លេសជាដើម សុទ្ធតែធ្លាប់បានទៅដល់ទីតាំងនេះ ហើយប្រទេសណាក៏ដោយក៏អាចចូលបានដូចគ្នាផងដែរ។

យ៉ាងណាក៏ដោយ ក្នុងជំនួបជាមួយ លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក, សម្តេចតេជោ ហ៊ុន សែន ក៏បានកត់សម្គាល់ថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដែលមានរយៈពេល៧២ឆ្នាំមកហើយនោះ កំពុងឈានដល់កម្រិតល្អប្រសើរមិនធ្លាប់មាននោះឡើយនៅក្នុងប្រវត្តិសាស្ត្រ។ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជា ពិតជាចង់ធ្វើជាមិត្តរបស់អាមេរិក តែមិនអាចកំណត់ឲ្យកម្ពុជាជ្រើសរើសរវាងអាមេរិក និងចិននោះឡើយ៕