(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក បានចាប់វាយខ្នោះ យុវជនម្នាក់ ក្រោយបើកម៉ូតូទៅបុកនគរបាលចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ ពេលកំពុងអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅ នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅមុខវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មុនពេលមានហេតុការណ៍ខាងលើនេះ គឺយុវជនរូបនេះ មានឈ្មោះ អៀវ វិន អាយុ១៩ឆ្នាំ រស់នៅភូមិជម្រៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានបើកម៉ូតូមួយគ្រឿង ឌុប២នាក់ពីក្រោយ ដោយគ្មានពាក់មួកសុវត្ថិភាព។ ពេលបើកម៉ូតូដល់គោលដៅកម្លាំងនគរបាលចរាចរណ៍ទី១ ក៏បើកគេច បន្តទៅជួបកម្លាំងនៅគោលដៅទី២ ហើយបើកគេចទៀត រួចបន្តទៅដល់គោលដៅទី៣ ស្រាប់តែបកក្រោយវិញ ក៏មកបុកនគរបាលចរាចរណ៍ម្នាក់ ដែលនៅគោលដៅទី១ បណ្តាលឲ្យដួលរងរបួសធ្ងន់តែម្តង។
បើតាមលោកស្នងការ នគរបាលចរាចរណ៍ដែលរងរបួសធ្ងន់នោះ មានឈ្មោះ ព្រះ ចាន់ណារណ។ ប៉ុន្តែសម្រាប់យុវជនរូបនេះ ត្រូវបានកម្លាំងរបស់លោក ចាប់វាយខ្នោះ បញ្ជូនយកទៅសួរនាំបន្ត ហើយចាត់វិធានការណ៍តាមនីតិវិធី៕