(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក ក្នុងនោះយប់៤លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ រងរបួសធ្ងន់៩នាក់ និងរបួសស្រាល៧នាក់ (ស្រី២នាក់) នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៦គ្រឿង រួមមានម៉ូតូចំនួន១១គ្រឿង, រថយន្តធុនតូច៣គ្រឿង, រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន២លើក, ស្រវឹង២លើក, ប្រជែង១លើក, បត់គ្រោះថ្នាក់២លើក, មិនគោរពសិទ្ធិ១លើក, កត្តាយានយន្ត១លើក ក្នុងនោះមិនពាក់មួកពេលគ្រោះថ្នាក់៩នាក់ យប់៤នាក់។
លទ្ធផលត្រួតពិនិត្យការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៥,៧៨១ គ្រឿង, អប់រំ ២,២២៩ គ្រឿង, ពិន័យ ៣,៥៥២គ្រឿង៕