(ពោធិ៍សាត់)៖ មន្ត្រីអនុរក្សពន្ធនាគារ នៃមណ្ឌលកែប្រែទី៤ (ម៤) ស្រុកភ្នំក្រវាញ ផឹកស្រាស្រវឹងដេកស្លាប់ សង្ស័យជំងឺគាំងបេះដូង ។ ហេតុការណ៍នេះ មានការភ្ញាក់ផ្អើលនៅម៉ោង៦៖៣០នាទី ថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០១៦ នៅចំណុចមណ្ឌលកែប្រែទី៤ ស្ថិតក្នុងភូមិប្រហស្ថក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោកអនុសេនីយ៍ឯក ចាន់ សុខា មេបញ្ជាការអាវុធហត្ថស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា៖ បុរសដែលដេកស្លាប់នោះ មានឈ្មោះ ហែម ទិត្យ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមន្ត្រីអនុរក្សពន្ធនាគារ នៃមណ្ឌលកែប្រែទី៤ ពោធិ៍សាត់ (ម៤) ទីកន្លែងកំណើតភូមិត្រពាំងព្រីង ឃុំត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ។
លោកអនុសេនីយ៍ឯកបានបន្តថា ក្រោយទទួលបានព័ត៌មាន កម្លាំងមូលដ្ឋាន រួមជាមួយអាជ្ញាធរស្រុក និង កម្លាំងជំនាញនៃ ការិយាល័យបច្ចេកទេសខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យសាកសពឃើញថា បុរសខាងលើស្លាប់ដោយសារជំងឺគាំងបេះដូង ក្នុងទម្ងន់ ៦០គីឡូក្រាម ដោយមិនមែនជារឿងឃាតកម្មអ្វីនោះឡើយ ។
ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីយ៕