(កំពង់ចាម)៖ នៅព្រឹក ថ្ងៃទី១៤ ខែឧសភា នេះ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្តល់ផ្ទះចំនួន ៨ខ្នង រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀត ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរខេត្ត ក្រុមការងារចុះជួយឃុំ និងសប្បុរសជន ជូនប្រជាពលរដ្ឋទីទ័លក្រ ដែលកំពុងជួបការលំបាក នៅភូមិថ្មី ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាលខេត្តបានជម្រាបជូនប្រជាពលរដ្ឋថា «នេះគឺជាការអនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគោលការណ៍ សប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន ជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល» ។ លោកបានបន្តទៀតថា សកម្មភាពទាំងឡាយណាដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ មិនត្រូវបានលើកលែងឡើយ ។
ពិធីផ្តល់ផ្ទះនេះ ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីការចុះចែកអំណោយកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចំនួន ៧៥៣គ្រួសារ និងអ្នករងរបួស ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅនេះ នៅស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកស្ទឹងត្រង់ ៕