(អាម៉េរិក)៖ មនុស្សដែលមានអាយុវែងជាងគេបំផុត នៅលើពិភពលោក អ្នកស្រី Susannah Mushatt Jones អាយុ១១៦ឆ្នាំ បានស្លាប់ហើយ នៅក្នុងទីក្រុង New York សហរដ្ឋអាម៉េរិក នេះបើតាមប្រភពពីក្រុមអ្នកស្រាវជ្រាវ ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ។
ការស្លាប់របស់អ្នកស្រី Jones បានធ្វើឲ្យអ្នកស្រី Emma Morano-Martinuzzi អាយុ១១៦ឆ្នាំ ជាស្ត្រីមា្នក់ រស់នៅក្នុងប្រទេសអ៊ីតាលី ក្លាយជាមនុស្សវ័យចាស់ជាងគេ ដែលកំពុងរស់រានមានជីវិត នេះបើតាមក្រុមស្រាវជ្រាវជរាសាស្ត្រ បានបញ្ជាក់យ៉ាងដូច្នេះ។ អ្នកស្រី Jones បានកើតនៅរដ្ឋ Alabama ភាគខាងត្បូង សហរដ្ឋអាម៉េរិក នៅក្នុងឆ្នាំ១៨៩៩ ជាកូនស្រីរបស់អ្នកចែកចាយកសិកផល។
បន្ទាប់ពីបញ្ចប់វិទ្យាល័យ អ្នកស្រីបានចាកចេញពីស្រុកកំណើត នៅក្នុងឆ្នាំ១៩២២ ទៅកាន់រដ្ឋ New Jersey ហើយក្រោយមកទៀត បានបន្តមករស់នៅទីក្រុង New York ដោយធ្វើការជាអ្នកថែទាំបោសសម្អាតផ្ទះ និងអ្នកមើលថែកូនក្មេង នេះបើតាមស្ថាប័ន Guinness World Records បានឲ្យដឹង។ អ្នកស្រី Jones បានចូលនិវត្តន៍នៅក្នុងឆ្នាំ១៩៦៤ ហើយអ្នកស្រីបានបញ្ជាក់ថា ការដេកច្រើន គឺជាវិធីសាស្ត្រសំងាត់មួយ ធ្វើឲ្យអ្នកស្រីមាន អាយុវែង ហើយអ្នកស្រីថា អ្នកស្រីមិនដែលជក់បារី ឬផឹកស្រានោះទេ។
គួរជំរាបថា មនុស្សដែលមានអាយុវែងជាងគេបំផុត ត្រូវបានបញ្ជាក់កាលពីពេលមុន គឺអ្នកស្រី Jeanne Calment ជនជាតិបារាំង បានស្លាប់ក្នុងឆ្នាំ១៩៩៧ ក្នុងវ័យ១២២ឆ្នាំ និង១៦៤ថ្ងៃ៕