(ភ្នំពេញ)៖ ក្រុមហ៊ុនទ្រីភាពគ្រុប ដែលមានឧកញ៉ា ទ្រី ភាព ជាអគ្គនាយក បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់លើមុខជំនួញ និង អាជីវកម្មរបស់ខ្លួននោះ នៅពេលនេះបានពង្រីកវីសាលភាពអាជីវកម្មរបស់ខ្លួន ចាប់ដៃជាមួយក្រុមហ៊ុនចិន នាំយកម៉ាស៊ីនត្រជាក់ម៉ាក Hisense ដែលជាម៉ាកដ៏ល្បីរបស់ចិន មកផ្គត់ផ្គង់នៅលើទីផ្សាររបស់កម្ពុជា ស្របពេលដែលកំណើនសំណង់អគារកំពុងរីកដុះដាលខ្លាំង។
ពិធីចុះហត្ថលេខាចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ទ្រី ភាព គ្រុប និង ក្រុមហ៊ុន ហ្គ្រេន រ៉ូយ៉ាល់គ្រុប ក៏ដូចជាការបង្ហាញផលិតផលម៉ាស៊ីត្រជាក់ Hisense ជាផ្លូវការត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពលោក ប៉ាន សូរសូក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីពាណិជ្ជករ អាជីវករ និង អ្នកជំនួញល្បីៗនៅកម្ពុជា។
ឧកញ៉ា ទ្រី ភាព បានថ្លែងថា កត្តា ដែលនាំឲ្យលោកមានឱកាសពង្រីកអាជីវកម្ម និងនាំចូលនូវម៉ាស៊ីនត្រជាក់ ដ៏ល្បីរបស់ចិនមកកម្ពុជា ក៏ដោយសារតែប្រទេសជាតិមានសន្តិភាព រីកចម្រើន វិស័យសំណង់ ក៏រីកលូតលាស់ច្រើន ហើយជីវភាពរបស់ប្រជាពលរដ្ឋ ក៏រីកចម្រើនផងដែរ។ ឧកញ៉ា ទ្រី ភាព បានហៅវឌ្ឍនភាពរបស់កម្ពុជា ដែលកំពុងមាននេះ ក៏ដោយសារមានការដឹកនាំត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
លោក Zhang Jiren អនុប្រធានគ្រប់គ្រងក្រុមហ៊ុន Qingdao Hisense Hitachi Air-Conditioning System Co., Ltd បានបង្ហាញនូវក្តីសោមនស្សរីករាយ ដែលក្រុមហ៊ុន ទ្រី ភាព គ្រុប និង ក្រុមហ៊ុន ហ្គ្រេន រ៉ូយ៉ាល់គ្រុប ដែលបានចាប់ដៃគ្នា និងនាំចូលផ្តាច់មុខផលិតផលម៉ាស៊ីនត្រជាក់ Hisense មកកាន់កម្ពុជា។
លោក Zhang Jiren បានមើលឃើញថា កម្ពុជា គឺជាទីផ្សារដ៏សក្តិសម និងធំមួយសម្រាប់ការចែកចាយ ផលិតផលម៉ាស៊ីនត្រជាក់ Hisense បន្ទាប់ពីផលិតផលបានកំពុងចែកចាយយ៉ាងទូលូទំលាយនៅប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ លោក Zhang Jiren ក៏រំពឹងថា ផលិតផលនេះ នឹងទទួលបានការគាំទ្រ និងពេញនិយមនៅក្នុងប្រទេសកម្ពុជា។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន់ សូរស័ក្តិ ក៏បានសម្តែងនូវអំណរសាទរផងដែរ នូវអាជីវកម្មថ្មីរបស់ឧកញ៉ា ទ្រី ភាព ដែលអាជីវកម្មនឹងចូលរួមចំណែកផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយការបង្ហាញផលិតផលម៉ាស៊ីនត្រជាក់ម៉ាក់ Hisense ក៏ដូចជាការពង្រីកអាជីវកម្មថ្មីនេះ ឧកញ៉ា ទ្រី ភាព បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ គាំទ្រនូវផលិតផលម៉ាស៊ីនត្រជាក់ Hisense ដើម្បីជាការចូលរួមចំណែកគាំទ្រការផ្តល់ការងារជូនពលរដ្ឋ និងយុវជនកម្ពុជា។ ឧកញ៉ា ទ្រី ភាព បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក ក្រៅពីការផ្គត់ផ្គង់ម៉ាស៊ីនត្រជាក់ហើយនោះ ក៏មានសេវាជួសជុល និងថែទាំផងដែរ ជាមួយសេវាល្អប្រសើរ។
ឧកញ៉ា ទ្រី ភាព បានបញ្ជាក់ថា បើការលក់របស់លោកបានកាន់តែច្រើននៅក្នុងទីផ្សារ រៀងរាល់ដំណាច់ឆ្នាំ នឹងមានធ្វើពិធីជប់លាងលើកចិត្ត ដល់អតិថិជន រួមជាមួយការផ្តល់រង្វាន់ផ្សេងៗថែមទៀត។
សូមបញ្ជាក់ថា លោកឧកញ៉ា ទ្រី ភាព ក្រោយពេលបញ្ឈប់ការរកស៊ីប្រមូលទិញឈើលក់ទៅក្រៅប្រទេស បានងាកមកធ្វើជំនួញផ្សេងៗជាច្រើន មានដូចជាការប្រមូលទិញដំឡូងមីនាំចេញទៅប្រទេសថៃ និង ការដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និង ម្រេច។ ក្រុមហ៊ុនរបស់ឧកញ៉ា ដែលផ្តើមជីវិតចេញពីត្រកូលអ្នកស្រែ អ្នកឡើងត្នោត បានកំពុងដាំដំណាំម្រេច និងកៅស៊ូ លើផ្ទៃដីជាច្រើនពាន់ហិកតា នៅក្នុងខេត្តរតនគីរី ពោធិ៍សាត់ និង ព្រះវិហារ។
ក្រៅពីការដាំដំណាំកសិ-ឧស្សាហកម្ម ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ក៏បានរកស៊ីលើវិស័យដឹកជញ្ជូន សំណង់ និង វិស័យសណ្ឋាគារនៅតាមតំបន់ព្រំដែនផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនឧកញ៉ាទ្រីភាព មានសណ្ឋាគារ និង កាស៊ីណូចំនួនពីរ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងនៅព្រំដែនកម្ពុជា-ថៃ ច្រកអានសេះ ស្រុកជំាក្សាន្ត ខេត្តព្រះវិហារ។ សណ្ឋាគារ និងការស៊ីណូទាំងពីរ នេះ មានតម្លៃរាប់លានដុល្លារ ហើយក៏បានចូលរួមធ្វើឲ្យតំបន់ព្រំដែន ដែលធ្លាប់ស្ងប់ស្ងាត់ទាំងពីរ ក្លាយជាតំបន់សេដ្ឋកិច្ចរស់រវើក និងជារបាំងការពារតំបន់ព្រំដែនពីការឈ្លានពានផងដែរ៕