(សៀមរាប)៖ ដោយភ្លើងនៅតែបន្តឆេះព្រៃ នាតំបន់ប៉ែកខាងក្រោមមាត់បឹងទន្លេសាប ក្នុងភូមិសាស្ត្រ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលនឹងអាចបង្កគ្រោះអគ្គិភ័យដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក៏ដូចជានៅភូមិកំពុងភ្លុក ជាដើមនោះ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នេះ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ចុះជួយស្រុកប្រាសាទបាគង បានបញ្ជាឲ្យក្រុមការងារអគ្គភស្ដុភារ ប្រចាំទិសយុទ្ធភូមិភាគទី៤ និងកងរាជអាវុហត្ថខេត្តសៀមរាប បញ្ជូនរថយន្ដពន្លត់អគ្គិភ័យចំនួន២គ្រឿង ទៅបាញ់ពន្លត់។
ឧត្តមសេនីយ៍ឯក ទេព សំអាន អគ្គនាយកភស្ដុភារ ប្រចាំការអគ្គភស្ដុភារសមភូមិមុខទិសយុទ្ធភូមិភាគទី៤ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រលប់ថ្ងៃទី១៣ ខែឧសភា នេះថា នាយឧត្តមសេនីយ៍ ស៊ុំ សំណាង បន្ទាប់ពីបានទទួលព័ត៌មាន តាមរយៈការចុះផ្សាយរបស់ Fresh News និងរបាយការណ៍ពីមូលដ្ឋាន នាព្រលប់ថ្ងៃទី១២ ខែឧសភាម្សិលមិញ ស្ដីពីអគ្គិភ័យឆាបឆេះព្រៃ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាបនោះ លោកបានបញ្ជាជាបន្ទាន់ឲ្យក្រុមអគ្គភស្ដុភារ ប្រចាំទិសយុទ្ធភូមិភាគទី៤ ដោយសហការជាមួយកងរាជអាវុហត្ថខេត្ត បញ្ជូនរថយន្ដពន្លត់អគ្គីភ័យ ចំនួន២គ្រឿងដើម្បីបាញ់ពន្លត់។
ក្រៅពីនោះបាញ់ពន្លត់ករណីភ្លើងឆេះព្រៃ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង បានបញ្ជូនរថយន្ដដឹកទឹក ចំនួន៦គ្រឿង ដើម្បីដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិមួយចំនួន ក្នុងស្រុកប្រាសាទបាគង ជាពិសេសនៅភូមិកំពុងភ្លុក។
លោកបន្ដបញ្ជាក់ប្រាប់ថា រហូតដល់រាត្រីនេះរថយន្ដនៅបន្តត្រៀម នៅឯតំបន់នោះនៅឡើយ ព្រោះភ្លើងព្រៃគឺនៅតែបន្តឆេះខ្លាំង ដែលកាលពីព្រឹកថ្ងៃនេះ ហាក់បានរលត់ទៅហើយ។ រហូតដល់ពេលថ្ងៃ ភ្លើងបានឆាបឆេះជាថ្មីទៀត នៅឯព្រៃរនាម ឯមាត់បឹងទន្លេសាបឯណោះទេ។ ស្រាប់តែរសៀលនេះម៉ោងប្រមាណជា៥៖០០នាទី រហូតពេលព្រលប់នេះ ភ្លើងបានបន្តរាលឆេះទៅកាន់តំបន់ព្រៃផ្សេងៗ និងតម្រង់មកកាន់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ ដោយសារកម្លាំងខ្យល់បក់ នាំភ្លើងមកផងដែរ៕