(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា បានប្រកាសថា នាងនឹងដឹកនាំយុវជន ដើម្បីប្រមូលស្នាមមេដៃពីអ្នកគាំទ្រឱ្យបាន១លាននាក់ ដើម្បីទាមទារឱ្យគណបក្សសង្រ្គោះជាតិ ទម្លាក់លោក កឹម សុខា ប្រធានស្តីទីគណបក្សនេះចេញពីតំណែង ក្រោយផ្ទុះឡើងនូវរឿងអាស្រូវផ្លូវភេទ ហើយលោក ស្រី ចំរើន បានអះអាងថា លោកនឹងចូលរួមជាមួយយុទ្ធនាការនេះ។ (ទស្សនាវិដេអូទាំងស្រុងនៃសន្និសីទកាសែត)
ជំហររបស់តំណាងក្រុមយុវជនខាងលើនេះ បានធ្វើឡើងនៅក្នុងវេទិកាមួយ ដើម្បីពិភាក្សាជុំវិញប្រធានបទ «តើលោកកឹម សុខា គួរលាលែងតំណែង ឬទេ?» នៅសណ្ឋាគារសាន់វេ នារសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ ដោយវេទិកានេះ ក៏មានការចូលរួមពី តំណាងគណបក្សនយោបាយតូចៗចំនួន៣ផ្សេងទៀត ក្នុងនោះមានគណបក្សខ្មែរដើម្បីខ្មែរ គណបក្សសាមគ្គីជាតិខ្មែរ និងគណបក្សកម្ពុជាសេរីភាព ប៉ុន្តែតំណាងគណបក្សទាំងនោះមិនទាន់ប្រកាសអំពីការចូលរួមរបស់ពួកគេ នៅក្នុងយុទ្ធនាការនេះ នៅឡើយ។
ថ្លែងនៅក្នុងវេទិកាខាងលើ កញ្ញា ធី សុវណ្ណថា បានព្រមានថា អះអាងថា យុទ្ធនាការប្រមូលស្នាមមេដៃ នឹងចាប់ផ្តើមបន្ទាប់ពីក្រុមរបស់នាង រួមទាំងក្រុមពាក់ព័ន្ធផ្សេងទៀត ពិភាក្សាគ្នាម្តងទៀត។ នាងថា ស្នាមមេដៃនេះ នឹងប្រមូលពីយុវជន ប្រជាពលរដ្ឋ និងសិស្ស-និស្សិត ហើយនាងជឿជាក់ថា នឹងបានគ្រប់ចំនួន ក្នុងពេលខាងមុខ ដើម្បីដាក់ញត្តិដល់គណបក្សសង្រ្គោះជាតិ។
ធី សុវណ្ណថា បាននិយាយថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ដកតំណែងលោក កឹម សុខា ចេញនោះ ក្រុមកញ្ញា និងយុវជន នឹងបោះឆ្នោតឲ្យ, ប៉ុន្តែបើមិនដកដំណែងរបស់លោក កឹម សុខា ដែលមានរឿងអាស្រូវទេ នោះក្រុមកញ្ញា និងយុវជនដែលគាំទ្រកញ្ញា នឹងមិនបោះឆ្នោតឲ្យសម្រាប់អាណត្តិក្រោយនេះឡើយ។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ប្រធានគណបក្សកម្ពុជាសេរីភាព បានសម្តែង និងបង្ហាញជំហរនូវការមិនគាំទ្រចំពោះទង្វើបុគ្គល របស់លោក កឹម សុខា ដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកនយោបាយដទៃ និងអាប់ឱនកិត្តិយសរបស់ស្ត្រី។
ជាមួយគ្នានេះ លោក ស្រី ចំរើន តំណាងឱ្យក្រុមនិស្សិត និងយុវជនមួយចំនួន ដែលទាមទារឱ្យលោក កឹម សុខាបកស្រាយការពិត ប្រកាសសហការជាមួយកញ្ញា ធី សុវណ្ណថា ដើម្បីស្វែងរកស្នាមមេដៃពីប្រជាពលរដ្ឋ ឲ្យបាន១លាននាក់ ដើម្បីទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែង ប្រសិនបើមិនព្រមបកស្រាយ។ លោក ស្រី ចំរើន បានបញ្ជាក់ថា អ្វីដែលគាត់ទាមទារនៅតាមវេទិការបស់លោក កឹម សុខា នាពេលកន្លងមក មិនមែនអុកឡុកនោះទេ, គឺទាមទារដោយសន្តិវិធីមិនមានកាន់ដំបង ឬអាវុធទេ។ កន្លងមកលោក កឹម សុខា តែងតែប្រើអង្គរក្សមករារាំងក្រុមរបស់ពួកគាត់។
ខាងក្រោមនេះជាវីដេអូទាំងស្រុង ស្តីពីការធ្វើសន្និសីទកាសែតរបស់ ក្រុមកញ្ញា ធី សុវណ្ណថា លោក ស្រី ចំរើន រួមទាំងគណបក្សនយោបាយមួយចំនួន៖