(ភ្នំពេញ)៖ ល្បែងនយោបាយលិចអណ្ដែតរបស់គណបក្សសង្គ្រោះជាតិ ព្រោះតែការប្រើយុទ្ធសាស្ត្រជេរបញ្ចោបំភ្លៃការពិត ភូតកុហក យកមកធ្វើជាគោលនយោបាយស្វែងរកប្រជាប្រិយភាព ឲ្យគណបក្សរហូតមកដល់ពេលនេះ ត្រូវបានគេមើលឃើញថា គណបក្សសង្គ្រោះជាតិ កំពុងវិលទៅរកធាតុដើមវិញហើយ ព្រោះតែជម្លោះផ្ទៃក្នុងមេៗកំពុងវ័នកនឹងបណ្ដឹង កូនៗលែងស្ដាប់មេៗ។
ការឈានមកដល់ដំណាក់កាលចុងក្រោយ របស់គណបក្សសង្គ្រោះជាតិ ដូចគេឃើញស្ថានភាពសព្វថ្ងៃជាក់ស្ដែងស្រាប់នេះ បានធ្វើឲ្យគេនឹកឃើញ ទៅដល់ហោរាទស្សន៏ទាយរបស់ថៃដ៏ល្បាញល្បីមួយរូប បានទាយឲ្យគណបក្សសង្គ្រោះជាតិ កាលពីជិត១ឆ្នាំមុនថា គណបក្សសង្គ្រោះជាតិ «នឹងជួបគ្រោះធំ បាក់ឆ្អឹងខ្នង» ហើយត្រូវបានកាសែត ម៉ះតិឈុនដ៏ធំ មួយរបស់ប្រទេសថៃ ដកស្រង់យកមកចុះផ្សាយ កាលពីដើមខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងចំណោមអ្នកនយោបាយរបស់ប្រទេសថៃ និងកម្ពុជា ព្រោះតែគេស្គាល់ពីភាព ល្បីល្បាញ របស់ហោរារូបនោះថា ទាយឆុតរហូតដល់គេដាក់រហ័សនាមថា «ហោរាមាត់ទិព្វ» ទៀតផង។
យោងតាមកាសែត ម៉ះតិឈុន របស់ប្រទេសថៃ ដែលចេញផ្សាយ កាលពីថ្ងៃទី០១ ខែកញ្ញ ឆ្នាំ២០១៥កន្លងមកនេះ បានសរសេរដោយដកស្រង់សំដី គ្រូទាយល្បីរបស់ប្រទេសថៃឈ្មោះ ភិនយ៉ូចារ៉ឺនថា គណបក្សសង្គ្រោះជាតិ កំពុងស្ថិតក្នុងសភាពដួលដាំក្បាលចុះ និងដាច់សរសៃជើងទាំងអស់គឺ «ជួបគ្រោះធំ បាក់ឆ្អឹងខ្នង» ទៅមុខលែងរួចថយក្រោយមិនកើត។ ហេតុដូចនេះហើយទើបបក្សប្រឆាំងមួយនេះខំប្រឹងតាមគ្រប់មធ្យោបាយ និងប្រើ គ្រប់យុទ្ធវិធីទាំងត្រដល់ខ្យល់ ស្រវ៉ាក្រោកងើបដួលៗ ហើយដួលទៅវិញយ៉ាងត្រដាបត្រដួសបំផុត និងទាំងភ័យព្រលឹងចុងសក់ ដើម្បីបន្តដឹកនាំ គណបក្សរបស់ខ្លួនដែលកំពុងស្ថិតក្នុងសភាពបាត់បង់ម្ចាស់ការ។
លោក ភិនយ៉ូ បាននិយាយបន្តថា ពេលវេលានេះអាក្រក់បំផុតសំរាប់គណបក្សប្រឆាំងរបស់លោកសម រង្ស៊ី ដូចអ្នកលេងអុកអញ្ចឹងគឺ «អស់ផ្លូវ អស់ក្រឡាដើរ ទាល់ច្រក និងគេព័ទ្ធជិត» ហើយមានតែវិធីម្យ៉ាងគត់គឺបោះទូក បោះសេះ ឲ្យសត្រូវស៊ីដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ល។
ជាក់ស្ដែងលោក សម រង្សី និងលោក កឹម សុខា កំពុងមានរឿងក្ដី និងរឿងស្រី នៅតុលាការវ័នក។ ចំណែកកូនចៅវិញដោយសារខ្លះអត់ស្ដាប់មេកើយ ខ្លះកំពុងរង់ចាំស្ដាប់មេបញ្ជា បានធ្វើឲ្យពួកគេវិលវល់មិនថា ត្រូវទៅច្រកណាឡើយ។ សូម្បីតែកូនចៅនៅក្រៅប្រទេសខ្លះក៏ចាប់ផ្ដើមវង្វេងវង្វាន់ជេរគេ ជេរឯងប៉ាតណា ប៉ាតណី ស្រេចតែចិត្តរៀងៗខ្លួនទៅហើយ។
ស្ថានភាពរបស់គណបក្សសង្គ្រោះជាតិនាពេលនេះ វាមិនខុសពីការទស្សន៏ទាយ របស់គ្រូទាយដ៏ល្បីល្បាញរបស់ប្រទេសថៃ កាលពីជិតមួយឆ្នាំមុន ប៉ុន្មាននោះឡើយ។ បច្ចុប្បន្នគណបក្សសង្គ្រោះជាតិ ត្រូវបានគេមើលឃើញថា កំពុងតែស្ថិតក្នុងសកម្មភាពដាំក្បាលចុះក្រោម ដាច់ដៃ ដាច់ក្បាល បាត់ម្ចាស់ការដោយសារតែការប្រកាន់យកជំហរនយោបាយ ប្រើយុទ្ធសាស្ត្រជេរបញ្ចោភូតភរបស់មេៗ សូម្បីតែលោក អេង ឆៃអ៊ាង ដែលជាមន្ត្រីសំខាន់មួយរូបរបស់បក្សក៏ធ្លាប់ធ្លោយមាត់ថា គណបក្សសង្គ្រោះជាតិ នាពេលនេះប្រៀបដូចរថភ្លើងដាច់ក្បាលផងដែរ៕