(ត្បូងឃ្មុំ)៖ នៅដើមរដូវវស្សាឆ្នាំនេះ កសិករក្នុងខេត្តត្បូងឃ្មុំ ចាប់ភ្ជួររាស់ដី ដើម្បីបង្កបង្កើនផលស្រូវចំនួន៣ប្រភេទ គឺមានស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់ បានប្រមាណ១២ភាគរយហើយ គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ ។

ប្រជាកសិករឈ្មោះ ផាន់ អ៊ាន ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា គ្រួសារគាត់ ក៏ដូចកសិករក្នុងភូមិដែរ គឺនិយមដាំស្រូវរំដួលណាស់ ព្រោះវាមានរសជាតិឆ្ងាញ់ មានទីផ្សារលក់ដូរស្រួល ក្នុងចំណោមប្រជាពលរដ្ឋជាង៣០០គ្រួសារ គឺពី៦០ទៅ៧០ភាគរយដែលបានដាំស្រូវរំដួលនេះ ។

កសិកររូបនេះ បន្ថែមថា ឆ្នាំនេះអាកាសធាតុមិនសូវអំណោយផលទេ ដោយមិនសូវមានភ្លៀង គាត់បានសាបព្រួសស្រូវចំនួន២ដងរួចមកហើយ តែស្រូវមិនសូវដុះសោះ មូលហេតុ មេឃក្តៅពេក ។ ចំពោះពូជស្រូវនេះក្នុង១គីឡូក្រាមតម្លៃ ២៥០០ ទៅ ៣០០០រៀល ក្នុងដីទំហំ ៣០អា អាចប្រើពូជ៥០គីឡូក្រាមផងដែរ។

បើតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងដែរថា កសិករក្នុងខេត្តត្បូងឃ្មុំ បានដាំដូចជា ពូជស្រូវ ៥១.៥៤.៤៩ សែនពិដោរ និងស្រូវរំដួល ហើយក៏មានពូជស្រូវក្នុងស្រុកផងដែរ ។ ចំពោះការបង្កបង្កើនផលរដូវវស្សាឆ្នាំនេះ កសិករអនុវត្តភ្ជួររាស់សម្រេច បាន៨៨០០ហិកតា ស្មើនឹង១១,៥២%នៃផែនការដាំដុះ និងដាំដុះស្រូវវស្សាសម្រេចបាន ៥,៦៤៥ហិកតា ស្មើនឹង ៧,៣៩% នៃផែនការដាំដុះស្មើនឹង ៦៤,១៥% នៃផ្ទៃដីភ្ជួររាស់ ក្នុងនោះស្រូវស្រាល បានចំនួន ២ ៥៧៥ហិកតា ស្រូវ កណ្តាលបានចំនួន ២,១៥០ហិកតា និងស្រូវធ្ងន់បានចំនួន ៩២០ហិកតា ។

ប្រធានមន្ទីរកសិកម្ម បានបន្ថែមឲ្យដឹងទៀតថាក្នុងចំណោម៧ស្រុក/ក្រុង នៃខេត្តត្បូងត្បូងឃ្មុំ មាន២ស្រុកដែលបានភ្ជួររាស់ដីបង្កបង្កើនផលស្រូវបានច្រើនជាងគេ គឺស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ហើយរាល់ការដាំដុះកម្លាំងមន្ទីរតែងចុះណែនាំ ផ្តល់បច្ចេកទេស ការប្រើប្រាស់ជី ការកំចាត់សត្វល្អិត និងការជ្រើសរើសពូជ ព្រមទាំងបានផ្សព្វផ្សាយដល់កសិករជានិច្ច៕