(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ បានដាក់បញ្ជាយ៉ាងម៉ឹងម៉ាត់ ទៅមន្រ្តីអាវុធហត្ថទាំងអស់ ដែលទើបតែតែងតាំងថ្មី ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងជាតិមាតុភូមិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ក្នុងពិធីបំពាក់ឋាននន្តរស័ក្តជូនមន្រ្តីអាវុធហត្ថរបស់ខ្លួនចំនួន១៨៧នាក់ នៅរសៀលថ្ងៃនេះ លោកឧត្តមសេនីយត្រី សំ តុលា បានលើកឡើងថា «កងកម្លាំងទាំងអស់ដែល ទទួលបានការតែងតាំងនាពេលនេះ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការបម្រើប្រជាពលរដ្ឋ និងជាតិមាតុភូមិ ដើម្បីឆ្លើយតបនឹងគុណបំណាច់ ដែលថ្នាក់លើ បានតំឡើងឋានន្តរស័ក្ត និងប្រគល់ភារកិច្ចថ្មីនេះឲ្យ»។
លោកឧត្តមសេនីយ៍ បានលើកឡើងនូវបទបញ្ជាជាប្រចាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលខេត្តកណ្តាល ឲ្យចូលរួមពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ សូមបញ្ជាក់ថា មន្រ្តីអាវុធហត្ថដែលត្រូវតែងតាំងខាងលើ រួមមាន៖ មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរនាយការិយាល័យមេបញ្ជាការក្រុងស្រុកទាំង១១៕