(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ក្នុងនាម ឧបនាយករដ្ឋមន្រ្តី បា្រក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (NC ESCAP) បានជួបសន្ទនាការងារជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP តាមប្រព័ន្ធវីដេអូរ។

លោកស្រីប្រធាន UNESCAP បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និង UNESCAP ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនឹងផ្តល់សុន្ទរកថា ពិសេសក្នុងកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) និងបានបញ្ជូនគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងបាងកកប្រទេសថៃ នាពេលខាងមុខនេះ។

លោកស្រីបានបញ្ជាក់ថា UNESCAP នឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរឡើង ជាមួយប្រទេសកម្ពុជាក្នុងវិស័យសំខាន់ៗជាច្រើនរួមមាន៖ វិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ច ឌីជីថល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ជាដើម។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNESCAP ចំពោះកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្នើសុំជាពិសេសឲ្យ UNESCAP ពិចារណាគាំទ្រលើការផ្តល់ជំនួយបច្ចេកទេស ដល់វិស័យសកម្មភាពមីននៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់កំណត់ជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា៕