(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា បើទោះបីជារយៈពេលបីថ្ងៃ (១៣-១៥ ឧសភា ២០១៦) ជាថ្ងៃឈប់សំរាក ដើម្បីអបអរ សាទរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រក៏ដោយ ប៉ុន្តែសកម្មភាពចុះចែកចាយទឹក ជូនប្រជាពលរដ្ឋជនរងគ្រោះ ដោយសារគ្រោះរាំងស្ងួត និងខ្វះទឹកប្រើប្រាស់ នៅតែបន្តតាមគោលដៅ មួយចំនួននៅទូទាំងប្រទេស ដោយគ្មានការឈប់សំរាកឡើយ ដើម្បីជួយសង្រ្គោះជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
នៅលើ Facebook Page នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងការអបអរសាទរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ ដែលមានរយៈពេលបីថ្ងៃ (១៣-១៥ ឧសភា ២០១៦) ក៏យើងមិនបានភ្លេចបងប្អូនជនរងគ្រោះ ដោយសារគ្រោះរាំងស្ងួត និងខ្វះទឹកប្រើប្រាស់។ យើងនៅបន្តចុះជួយបងប្អូនដែលកំពុងប្រឈម និងការខ្វះទឹកគ្រប់ទីកន្លែង។ សកម្មភាពជីក និងស្តារអណ្តូង បឹង ស្រះ ប្រឡាយ និងអាងស្តុកទឹកគឺត្រូវ បន្តធ្វើ។ តាមរបាយការណ៍ពីតាមបណ្តាខេត្តនានាពេលថ្មីៗនេះ គឺមានបងបង្អូនជាច្រើនគ្រួសារ បានរងគ្រោះបាក់រលំផ្ទះសម្បែង ដោយសារខ្យល់ព្យុះ និងខ្យល់កន្រ្តាក់។ ចំពោះភ្លៀងវិញគឺធ្លាក់ពុំទាន់ មានទឹកប្រើគ្រប់គ្រាន់នៅឡើយទេ។ បញ្ហាប្រឈមនិងគ្រោះមហន្តរាយ គឺនៅចោទជាបញ្ហាធ្ងន់ធ្ងរនៅឡើយ ហើយដែលត្រូវតែដោះស្រាយឲ្យ បានទាន់សភាពការណ៍»។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ទៀតថា «សូមអាជ្ញាធរ និងសមត្ថកិច្ចបន្តការតាមដាន និងរាយការណ៍ ជាប្រចាំមកកាន់ខ្ញុំអំពីស្ថានភាពប្រជាពលរដ្ឋក៏ដូច ជាស្ថានភាពភ្លៀងនៅតាមតំបន់ប្រឈមទាំងនោះ ហើយត្រូវដោះស្រាយជំនួយសង្គ្រោះបន្ទាន់នានា និងជួយលើក និងជួសជុលផ្ទះសម្បែង ជូនបងប្អូនប្រជាពល រដ្ឋអោយមានជម្រកស្នាក់នៅ ឡើងវិញឲ្យបានឆាប់បំផុត។ ខ្ញុំសូមអរគុណសប្បុរសជន និងក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ ព្រមទាំងសមាជិកសមាជិកាគណបក្ស ប្រជាជនកម្ពុជាដែលបានចូលរួមវិភាគទាន និងយកអស់កម្លាំងកាយចិត្ត ជួយដល់បងប្អូនយើងដែល កំពុងត្រូវការជំនួយទឹកទទួលទានចាំបាច់បំផុត នៅពេលនេះ»៕