(ក្រចេះ)៖ មន្រ្តីនគរបាលវរការពាព្រំដែនចំនួនពីររូប ដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ បណ្តាលឲ្យបាក់រលំផ្ទះ ព្រមទាំងពលរដ្ឋចំនួន៦គ្រួសារ ផ្សេងទៀត ដែលបានរងគ្រោះដូចគ្នានោះ បានទទួលថវិការបស់អគ្គស្នងការនគរបាលជាតិ ជួយឧបត្ថម្ភដើម្បីជួសជុលផ្ទះឡើងវិញ។ ស្នងការនគរបាលខេត្តក្រចេះលោកឧត្តមសេនីយ៍ត្រី លន់ សុផាត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាលចំណុះឲ្យស្នងការដ្ឋាន និងនគរបាលវរការពារព្រំដែន ចុះពិនិត្យ និងជួយសាងសង់លំនៅឋាន ដែលរងនូវការខូចខាតដោយសារគ្រោះធម្មជាតិមួយនេះ។
លើសពីនេះ លោកឧត្តមសេនីយ៍ ក៏បាននាំយកថវិកាឧបត្ថមមួយចំនួនទៀត របស់លោកឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរជាតិ ទៅប្រគល់ជូនផងដែរ។ ក្រោយពីការចុះសំណេះសំណាលសួរសុខទុក្ខ ដល់មន្រ្តីនគរបាលរួចមក លោក លន់ សុផាត បានបន្តនាំយកនូវថវិកាឧបត្ថម្ភមួយចំនួន ប្រជាពលរដ្ឋចំនួន៦គ្រួសារទៀត មានទីលំនៅក្បែរតាមបន្ទាត់ព្រំដែនស្រុកស្នួល ដែលបានរងនូវការខូចខាតបាក់រំលំផ្ទះ និងប៉ើងដំបូលបាក់ទ្រេត ដោយសារតែគ្រោះធម្មជាតិខ្យល់កន្រ្តាក់ដដែលនោះ។
ថវិកាដែលត្រូវប្រគល់ជូន រួមមាន មន្រ្តីនគរបាលវរការពារព្រំដែនចំនួន២នាក់ ក្នុងនោះម្នាក់ទទួលរងការបាក់រលំផ្ទះ ខូចខាតទាំងស្រុង ដោយទទួលបានការឧបត្ថម្ភ ប្រាក់ចំនួន៤លានរៀល និងមន្រ្តីនគរបាលម្នាក់ទៀត រងគ្រោះដោយប៉ើងដំបូលផ្ទះ ដោយទទួលបានការឧបត្ថម្ភ ប្រាក់ចំនួន៥០ម៉ឺនរៀល។ ចំណែកប្រជាពលរដ្ឋចំនួន៦គ្រួសារផ្សេងទៀត រងគ្រោះដូចគ្នានោះ ទទួលបានថវិការឧបត្ថម្ភ ចំនួន៥០ម៉ឺនរៀល ក្នុងមួយគ្រួសារផងដែរ សម្រាប់ជួសជុល និងទិញសង្កសីមកប្រក់ដំបូលឡើងវិញ។
នាឱកាសចុះសួរសុខទុក្ខនៅពេលនោះ លោក លន់ សុផាត បានលើកឡើងថា «នេះជាថវិកាឧបត្ថមរបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ដើម្បីយកថវិការនេះ សម្រាប់ទិញសម្ភារជួសជុលឡើងវិញ រីឯកម្លាំងពលកម្មសម្រាប់ជួសជុល គឺលោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យមន្រ្តីនគរបាលអន្តរាគមន៍ និងមន្រ្តីនគរបាលវរការពារព្រំដែន ជួយទទួលរៀបចំធ្វើជូន»។
ក្រោយពីបានទទួលអំណោយនេះរួចមក លោក ហ៊ន សាមិត្ត ជាមន្រ្តីនគរបាលវរការពារព្រំដែន លេខ៦១៩ និងតំណាងឲ្យនគរបាល និងពលរដ្ឋរស់នៅតំបន់ជាយដែន ដែលបានរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់នោះ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណអរគុណ ដល់លោកឧត្តមសេនីយ៍ លន់ សុផាត ដែលបានគិតគូពីទុក្ខលំបាករបស់មន្រ្តីនគរបាល ហើយនាំឲ្យមានការផ្តល់ជំនួយអំណោយជាថវិកា ពីសំណាក់លោកឧត្តមសេនីយ៍ នេត សាវឿន សម្រាប់យកមកទិញសម្ភារ ជួលជុលលំនៅឋានឡើងវិញ៕