(តាកែវ)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងថា«ការជ្រើសរើសថ្នាក់ដឹកនាំប្រទេស មិនមែនដូចការចាក់ឆ្នោតផ្សងសំណាងនោះទេ ព្រោះថ្នាក់ដឹកនាំដែលទទួលខុសត្រូវ គឺសំខាន់ណាស់ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ ហើយសូមឲ្យប្រជាពលរដ្ឋផ្តល់ការលើកទឹកចិត្ត និងផ្តល់យុត្តិធម៌ចំពោះថ្នាក់ដឹកនាំ ដែលធ្វើពិតប្រាកដ សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ឲ្យបានរស់នៅសុខសាន្ត សប្បាយរីករាយ»។
លោក ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅក្នុងពីធីបញ្ជុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធិផលនានា នៅវត្តកំពែង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ ដែលតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមានការអញ្ជើញចូលរួមពីអជ្ញាធរខេត្ត ស្រុក ឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន សប្បុរសជន និងប្រជាពលរដ្ឋជិត៤០០០នាក់ផងដែរ។ ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត បានបន្ដទៀតថា ការអភិវឌ្ឍដូចសព្វថ្ងៃនេះ គឺបានមកពីឱកាសដែលប្រទេសជាតិ មានសុខសន្តិភាព គ្មានសង្រ្គាមដូចអតីតកាល និងបានមកពីការចូលរួមដោយកម្លាំងកាយ កម្លាំងចិត្ត និងលទ្ធភាពរបស់សប្បុរសជន ព្រមទាំងផ្នែកដែលពាក់ព័ន្ធ ជាមួយរាជរដ្ឋាភិបាល ដែលបានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនជាបន្តបន្ទាប់។ លោកបានបន្ថែមថា កាលពីអតីតកាលប្រជាពលរដ្ឋនៅក្នុងខេត្តតាកែ វនិងនៅទូទាំងប្រទេស បានជួបនូវការលំបាកនៃសង្គ្រាម ប៉ុន្តែថ្ងៃនេះប្រជាពលរដ្ឋទូទាំងប្រទេស មានភាពសប្បាយរីករាយ ដោយសារសន្តិភាព និងការអភិវឌ្ឍ។
ជាចុងក្រោយ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដែលមានទឹកចិត្ត សទ្ធាជ្រះថ្លា ក្នុងការខិតខំកសាងរួមគ្នា នូវសមិទ្ធិផលនានានៅក្នុងទីអារាមនេះ ដែលនេះ គឺជាការចូលរួមការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ៕