(ភ្នំពេញ)៖ លោក ប៉ិល កុសល អភិបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងបញ្ជាការឯកភាពខណ្ឌ បានចុះទៅបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់១កន្លែង និងឃាត់ខ្លូនបានមនុស្សប្រុស ស្រី១០នាក់ នាម៉ោង១២រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ។
មន្រ្តីអាវុធហត្ថដែលបានចូលរួមប្រតិបត្តិការនេះ បានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីនេះ បានធ្វើសកម្មភាពបើកដំណើរការដោយលួចលាក់ យូរណាស់មកហើយ ដោយប្រើរូបភាពបិទបាំងខាងក្រៅថា «លក់ផ្ទះ» បិទទ្វារជិត តែលួចបើកខាងក្រោយ។ បន្ទាប់បានទទួលដំណឹងពីលោក លី អនុប្រធានភូមិ ព្រោះផ្ទះរបស់គាត់នៅក្បែរទីតាំងហ្គេមនេះ ទើបអភិបាលខណ្ឌបានដឹកនាំកម្លាំងចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។ មន្រ្តីអាវុធហត្ថបានបន្តទៀតថា ម្ចាស់ទីតាំងហ្គេមនេះ គឺមានខ្នងបង្អែកជាកម្លាំងសមត្ថកិច្ច ហើយតែងតែឱ្យការទៅម្ចាស់ទីតាំង នៅពេលដែរកម្លាំងចុះបង្រា្កបម្ដងៗ ប៉ុន្ដែជាអកុសលម្ដងនេះរត់មិនរួច ក៏ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបានជាក់ស្តែង។ ចំណែកមនុស្សទាំង១០នាក់ ត្រូវបានលោកអភិបាលខណ្ឌ ប្រគល់ទៅឲ្យកម្លាំងរាជអាវុធហត្ថ នាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការនីតិវិធី។
សូមរំលឹកផងដែរថា លោក ប៉ិល កុសល ជាអភិបាលខណ្ឌសែនសុខ ដែលទើបតែឡើងកាន់ដំណែងថ្មីៗនេះ ប្រជាពលរដ្ឋមូលដ្ឋានសង្កេតឃើញថា រាល់បទល្មើសត្រូវបានបង្ក្រាបបាន យ៉ាងល្អគួរឱ្យកត់សម្គាល់ ក្រៅពីនេះលោកអភិបាល តែងតែជួយដល់សុខប្រជាពលរដ្ឋគ្រប់រូបផងដែរ៕