(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានសុំឲ្យយានដ្ឋានជួសជុលយានយន្តប្រមាណ ១,៩២៣កន្លែង ដែលមិនទាន់ចុះបញ្ជី ឲ្យនាំគ្នាទៅចុះបញ្ជីជាមួយក្រសួង ដើម្បីបង្កលក្ខណៈងាយស្រួលនៅក្នុងការ តាមដាន និងគ្រប់គ្រង។
សំណើរបស់លោកទេសរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការដឹកជញ្ជូនលើសទម្ងន់ និង ការពង្រឹងវិធានការទប់ស្កាត់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំ នៃទីស្តីការក្រសួងសាធារណការ និង ដឹកជញ្ជូន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីតំណាងសាលារាជធានីខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត តំណាងកងកម្លាំងនគរបាល និង យោធាថា្នក់ជាតិ កំពង់ផែភ្នំពេញ ភ្នាក់ងារកម្ពុជានាវាចរ (កាំសាប) ព្រមទាំង មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។
លោក ស៊ុន ចាន់ថុល បានជំរុញឲ្យមន្រ្តីរបស់ខ្លួន ធ្វើយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីបច្ចេកទេស នៃការជួលជុល កែច្នៃ អនុឡោមតាមបទដ្ឋានស្តង់ដារ។ លោក ក៏បានប្រាប់ទៅមន្រ្តី ឲ្យជំរុញលើកទឹកចិត្តដល់ម្ចាស់យានដ្ឋាន ដែលមិនទាន់ចុះបញ្ជីនៅសេសសល់ទាំង ១.៩២៣យានដ្ឋាន ឲ្យមកចុះបញ្ជីជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានប្រការធ្វើប្រតិភូកម្មការងារទៅឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត ជាអ្នកចុះបញ្ជីយានដ្ឋានជួសជុល និង កែច្នៃយានយន្ត ដែលមានផ្ទៃក្រឡាទីតាំងមានទំហំ ចាប់ពី២៥០ម៉ែត្រការ៉េឡើងទៅ៕