(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា អ្នកដែលធ្លាប់បានធ្វើយុទ្ធនាការគាំទ្រដ៏ងុបងុលរបស់គណបក្សសង្រ្គោះជាតិ បានប្រកាសថា ខ្លួន នឹងធ្វើយុទ្ធនាការស្វែងរកការគាំទ្រឲ្យបាន ១លានមេដៃ ដើម្បីទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ចុះចេញពីតំណែង។ ការទាមទារនេះ ដោយកញ្ញាយល់ថា រឿងអាស្រូវផ្លូវភេទ ដែលកំពុងរុំព័ទ្ធលោក កឹម សុខា ធ្វើឲ្យប៉ះពាល់ខ្លាំង ដល់ប្រជាប្រិយភាពបក្ស។
កញ្ញា ធី សុវណ្ណថា បានព្រមានថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ដកតំណែងលោក កឹម សុខា ចេញនោះ ក្រុមកញ្ញា និងយុវជននឹងបោះឆ្នោតឲ្យ, ប៉ុន្តែបើមិនដកដំណែងរបស់លោក កឹម សុខា នោះទេ, នោះក្រុមកញ្ញា និងយុវជនដែលគាំទ្រកញ្ញា នឹងមិនបោះឆ្នោតឲ្យទេសម្រាប់អាណត្តិក្រោយនេះ។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ប្រធានគណបក្សកម្ពុជាសេរីភាព បានសម្តែង និងបង្ហាញជំហរនូវការមិនគាំទ្រចំពោះទង្វើបុគ្គលរបស់លោក កឹម សុខា ដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកនយោបាយដទៃ និងអាប់ឱនកិត្តិយសរបស់ស្ត្រី។
លោក ស្រី ចំរើន ប្រកាសសហការជាមួយកញ្ញា ធី សុវណ្ណថា ដើម្បីស្វែងរកស្នាមមេដៃពីប្រជាពលរដ្ឋ ឲ្យបាន១លាននាក់ ដើម្បីទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែង ប្រសិនបើមិនព្រមបកស្រាយ។ លោក ស្រី ចំរើន បានបញ្ជាក់ថា អ្វីដែលគាត់ទាមទារនៅតាមវេទិការបស់លោក កឹម សុខា នាពេលកន្លងមក មិនមែនអុកឡុកនោះទេ, គឺទាមទារដោយសន្តិវិធីមិនមានកាន់ដំបង ឬអាវុធទេ។ កន្លងមកលោក កឹម សុខា តែងតែប្រើអង្គរក្សមករារាំងក្រុមរបស់ពួកគាត់។
កញ្ញា ធី សុវណ្ណថា បានអះអាងថា បន្ទាប់ពីចប់សន្និសីទកាសែត ពួកគេនឹងចាប់ផ្តើមពិភាក្សាត្រៀមធ្វើយុទ្ធនាការប្រមូលស្នាមមេដៃ ពីប្រជាពលរដ្ឋឲ្យបាន១លាននាក់ ហើយប្រគល់ឲ្យគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានគណបក្ស។ ស្នាមមេដៃនោះនឹងប្រមូលពីប្រជាពលរដ្ឋ យុវជន និស្សិតនៅទូទាំងប្រទេស។
ការប្រកាសនេះ បានធ្វើឡើងនៅក្នុងវេទិកាលាតត្រដាងថា «តើលោក កឹម សុខា គួរលាលែងពីតំណែង ឬទេ?» ដែលធ្វើឡើងនៅសណ្ឋាគារសាន់វេ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ។
ធី សុវណ្ណថា បានថ្លែងថា គណបក្សសង្រ្គោះជាតិ ត្រូវតែផ្លាស់ប្តូរបេក្ខភាពលោក កឹម សុខា បើចង់ស្តារប្រជាប្រិយភាពមកវិញ ខណៈដែលគណបក្សប្រឆាំងមួយនេះ មានបេក្ខភាព មានសមត្ថភាពជាច្រើនរូបផ្សេងទៀត។ សន្និសីទកាសែតខាងលើនេះ មានការចូលរួមពីតំណាងគណបក្សចំនួន៣៖ គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សខ្មែរដើមខ្មែរ និងគណបក្សកម្ពុជាសេរីភាព។
សន្និសិទកាសែតរបស់កញ្ញា ធី សុវណ្ណថា ក្រោមប្រធានបទ «តើលោក កឹម សុខា គួរលាលែងពីតំណែង ឬទេ?» ត្រូវបានបញ្ចប់នៅម៉ោង១៥៖៤៤នាទី៕