(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ត្រីអាវុធហត្ថទាំងអស់ ដាក់កម្លាំងនៅគ្រប់គោលដៅ ទាំងតំបន់ផ្លូវជាតិ និងក្នុងក្រុងព្រះសីហនុ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរណ៍ ដែលមកលេងកំសាន្តនៅខេត្តព្រះសីហនុ នាព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប៦៣យាងចូល៦៤ព្រះវស្សា ដែលចាប់ផ្តើមឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។
បទបញ្ជាដ៏ម៉ឺងម៉ាត់នេះ ធ្វើឡើងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរស័ក្ត ដល់មន្ត្រីអាវុធហត្ថខេត្តចំនួន៩៧រូប ដែលធ្វើឡើងនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ មន្ត្រីដែលត្រូវប្រកាសតែងតាំងផ្លាស់ប្តូរមុខងារទាំង៩៧នាក់ នេះរួមមាន៖ ផ្លាស់ប្តូរមុខងារចំនួន១២នាក់ បំពាក់ឋានន្តរស័កិ្តថ្នាក់អនុសេនីយ៍ឯកចំនួន២៤នាក់ ថ្នាក់អនុសេនីយ៍ទោចំនួន២២នាក់ អនុសេនីយ៍ត្រីចំនួន១១នាក់ នាយចំណង់ចំនួន២៣នាក់ និងពលបាលឯកចំនួន៥នាក់។
សូមជម្រាបថា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះ នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១៤-១៥-១៦ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ដោយមានការបាញ់កាំជ្រួច និងមានរៀបចំពិធីផ្សេងៗទៀត យ៉ាងអធឹកអធមនៅឯរាជធានីភ្នំពេញ៕