(ភ្នំពេញ)៖ ដោយពិនិត្យមើលឃើញពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា រួមសុខ រួមទុក្ខ ជាមួយប្រជាជននៅគ្រប់កាលៈទេសៈនោះ ទើបមានសមាជិកគណបក្សភ្លើងទៀន ចំនួន២៦រូប នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន នៃរាជធានីភ្នំពេញ បានសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានរៀបចំធ្វើពិធីជាផ្លូវការ ដោយប្រកាសបញ្ចូលសមាជិកគណបក្សថ្មី នៃអតីតសមាជិកគណបក្សភ្លើងទៀន ដែលស្ម័គ្រចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់បឹងត្របែក ធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ។

លោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន និងជាអភិបាលខណ្ឌចំការមន បានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ក្នុងការចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានថ្នាក់ដឹកនាំរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និងជាគណបក្សមានមាគ៌ា ចក្ខុវិស័យ ដឹកនាំប្រទេសជាតិឈានឆ្ពោះទៅភាពសម្បូរសប្បាយរុងរឿងលើគ្រប់វិស័យ។

លោកបានលើកឡើងបន្តទៀតថា មានជ័យជម្នៈ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗនៅថ្ងៃនេះ។ មានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ។ ស្មារតីនៃនយោបាយឈ្នះ ឈ្នះ ស្ថិតស្ថេរជាអមតៈ។ គណបក្សប្រជាជនកម្ពុជា របស់ប្រជាជន ដោយសារប្រជាជន និង ដើម្បីប្រជាជន។ គណបក្សប្រជាជនកម្ពុជា រួមសុខ រួមទុក្ខ ជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ។ គណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ គាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធ ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩៕