(កំពង់ចាម)៖ រយៈពេល៤៨ម៉ោងក្រោយ មានគ្រោះធម្មជាតិខ្យល់កន្រ្តាក់បំផ្លាញ និងប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនរយខ្នង ស្ថិតនៅទឹកដីស្រុកបាធាយ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនោះ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងលោក ហ៊ុន ណេង តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានដឹកនាំអភិបាលខេត្ត ស្នងការខេត្ត និងមេបញ្ជាការអាវុធហត្ថខេត្ត នាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងការជួយជួសជុលផ្ទះពួកគាត់ឡើងវិញ។
ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានឲ្យដឹងថា ថ្នាក់ដឹកនាំយើង បានចុះពិនិត្យស្ថានភាពរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ និងជួបពលរដ្ឋដែលជាជនរងគ្រោះផ្ទាល់ នៅឃុំត្រប់ ស្រុកបាធាយចំនួន៤៩២គ្រួសារ និងស្ថិតនៅ ឃុំដងក្តារស្រុកស្ទឹងត្រង់ ចំនួន១៨៤គ្រួសារ។ នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំ បានផ្តាំផ្ញើការសួរសុខទុក្ខ និងចូលរួមរំលែកការលំបាកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធ រហូតនាំយកថវិកា សម្ភារ ស្បៀងអាហារ ជូនបងប្អូនស្រាយការខ្វះខាតចំពោះមុខជាបន្ទាន់តែម្តង។
នាឱកាសនោះផងដែរ លោក ហ៊ុន ណេង បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានចូលរួមអន្តរាគមន៍ ក្នុងនោះកងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋានចំនួ១៧៥នាក់ បើកយុទ្ធនាការ ចុះរៀបរយ ជួសជុល និងសាងសង់ជម្រកបណ្តោះអាសន្ន ជូនបងប្អូនដែលកំពុងមានទុក្ខលំបាកនៅពេលនេះ។ លោក ហ៊ុន ណេង បានថ្លែងថា «នេះហើយបេះដូងថ្នាក់ដឹកនាំយើង នេះហើយខ្លឹមសារនៃពាក្យសង្រ្គោះពិតប្រាកដ។ ពេលវេលាបានបង្ហាញពីសកម្មភាពគឺបែបនេះឯង»៕