(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលជាបងប្រុសបង្កើតរបស់សម្តេចតេជោ។
តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៨ ខែឧសភានេះ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ដូច្នេះថា៖
«ខ្ញុំ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសភា ពាណិជ្ជកម្មកម្ពុជា មានសេចក្តីតក់ស្លុតក្ដុកក្ដួលប្រកប ដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមចូលរួមសម្ដែងការសោក ស្តាយឥតឧបមា ដោយទទួលដំណឹងមរណភាព ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្ត្រៃនៃរដ្ឋសភា អ្នក តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨៖២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។
ការទទួលមរណភាពរបស់ ឯកឧត្តម ព្រឹទ្ធាចារ្យហ៊ុនណេង ជាការបាត់បង់ដ៏គួរឱ្យសោកស្ដាយបំផុត នូវ ស្វាមី បង បងថ្លៃ ឪពុក ឪពុកក្មេក និងជីតា ដ៏ឧត្តុង្គឧត្តម ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយ ព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាបំផុត និងជាឥស្សរជន និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបដ៏ឆ្នើមមួយរូបដែលលះបង់ កម្លាំងកាយចិត្តពេញមួយជីវិត ព្រមទាំងរួចចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិ មាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
នៅក្នុងវេលាប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ យើងខ្ញុំសូមចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកសង្រេងជាទីបំផុត ជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព ដោយរោគាពាធ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ សពរបស់ សម្ដេច ហ៊ុន ណេង ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពសម្ដេច ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕