(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកស្រីគតិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដងទង់និងសមិទ្ធផលនានានៅក្នុងវត្តឥន្ទកោសិយ៍ ស្ថិតនៅភូមិតាង៉ិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

ថ្លែងនៅក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន បានសម្ដែងការកោតសរសើរដល់ព្រះចៅអធិការ គណៈកម្មការចំណុះជើងវត្ត និងពុទ្ធបរិស័ទទាំងអស់ បានខិតខំកសាង និងកែលម្អវត្តនេះឲ្យក្លាយទៅជាទីសក្ការៈដ៏ឧត្តុង្គឧត្តម នឹងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ល្អមួយ។

លោកបានលើកឡើងថា ភាពរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនាក៏ដូចជាវិស័យនានា នៅក្នុងប្រទេសនាពេលនេះ កើតឡើងដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបានជំរុញប្រជាពលរដ្ឋទាំងអស់ បន្តថែរក្សាការពារសន្តិភាព ដែលកម្ពុជាបានស្វែងរកមកដោយលំបាក ហើយថែរក្សារហូតដល់ពេលបច្ចុប្បន្ននេះ។

វត្តឥន្ទកោសីយ៍ ជាវត្តមួយផ្នែកខាងគណៈមហានិកាយ និងត្រូវបានទទួលស្គាល់ជាផ្លូវការតាមប្រកាសរបស់ក្រសួងធម្មការ និងសាសនា ស្ដីពីការអនុញ្ញាតឱ្យកសាងនូវវត្តឥន្ទកោសីយ៍ ហៅវត្តភ្នំតាង៉ិល តបតាមសំណើរបស់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

ចាប់តាំងពីការកកើតកសាងវត្តមក មានពុទ្ធបរិស័ទគ្រប់ មជ្ឈដ្ឋានជ្រះថ្លាបានចូលរួមកសាងសមិទ្ធផលនានាជាច្រើនកប់ទុកជាកំណប់ព្រះពុទ្ធ សាសនា ជាប្រយោជន៍ដល់ប្រជាពុទ្ធបរិស័ទគ្រប់រូប មានជាអាទិ៍ព្រះវិហារ ឧបដ្ឋានសាលា កុដិ សាលាធម្មសភា ខឿនព្រះវិហារ ចាក់ផ្លូវបេតុង ជណ្តើរឡើងមកកាន់ធម្មសភា ផ្លូវ អាង ទឹក បង្គោលភ្លើងជាដើម ក្លាយជារមណីយដ្ឋានអប់រំចិត្តរបស់ប្រជាពុទ្ធបរិស័ទយ៉ាងមាន ប្រសិទ្ធភាពខ្ពស់។

ក្នុងសមិទ្ធផលនានាខាងលើនេះ ក៏មានសមិទ្ធផលដែល លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី មានសទ្ធាជ្រះថ្ល ចូលរួមកសាងវត្តឥន្ទកោសីយ៍ មានដូចជា៖ ដំបូលកុដិ ជណ្តើរ ដំបូលព្រះវិហារ បល្ល័ង្គព្រះ កសាងព្រះពុទ្ធបដិមាធ្វើអំពីថ្មមួយព្រះអង្គ ធ្វើអំពីស្ពាន់ ៤ ព្រះអង្គ នាងគង្ហីងមួយ ឈូសដី ក្នុងអារាម ថ្មគ្រឹះសីមា ម៉ាស៊ីនភ្លើង សរុបទឹកប្រាក់ទាំងអស់ចំនួន ៣៥ ៦០០$ (សាមសិបប្រាំពាន់ប្រាំមួយរយដុល្លារអាមេរិក )។

អាជ្ញាធរស្រុកបាធាយ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចំណុះជើងវត្ត សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី និងសប្បុរសជនដទៃទៀត ក្នុងការចូលរួមកសាងសមិទ្ធផលនានា ក្នុងវត្តឥន្ទកោសីយ៍ ហៅវត្តភ្នំតាង៉ិលនេះ ក៏ដូចជាការរួមចំណែកដល់ការងារសង្គមដទៃទៀត ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕