(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅរសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅខេត្តកំពង់ចាម។
ក្នុងសារលិខិតចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង, លោកឧកញ៉ា បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងក្តុកក្តួលយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងមរណភាពនេះ។
លោកឧកញ៉ា ចាត់ទុកថា មរណភាពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង គឺជាការបាត់បង់នូវឥស្សរជន ស្វាមី លោកឪពុកបង្កើត លោកឪពុកក្មេក និងជីតា ជីតាក្មេក មួយរូប ជាទីគោរពស្រលាញ់បំផុតរបស់កូនៗ ព្រម ទាំងចៅៗ និងបងប្អូនក្មួយៗ ហើយជា អ្នកមានគុណផ្តល់នូវភាពកក់ក្ដៅក្នុងក្រុមគ្រួសារ ដែល មានព្រហ្មវិហារធម៌សព្ទ័គ្រប់យ៉ាង និងបានបូជាកម្លាំងកាយ កម្លាំងចិត្ត ក្នុងការចិញ្ចឹមបីបាច់ ថែរក្សាបុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមជាតិ។
ម្យ៉ាងវិញទៀត សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ជាកុលបុត្រខ្មែរមួយរូប បានពលីកម្មបូជាយកអស់កម្លាំងកាយចិត្ត ប្រាជ្ញ ស្មារតី ធនធានសម្ភារ ចូល រួមចំណែកយ៉ាងសកម្មដល់ដំណើរការស្ដារ និងអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈររបស់ប្រទេសជាតិមាតុភូមិកម្ពុជា៕