(ភ្នំពេញ)៖ ក្រោយពីបានអនុវត្តយុទ្ធនាការលោកទី១ និងលើកទី២រួចមក ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងបន្តយុទ្ធការតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន លើការចែកចាយទឹកស្អាតជូនប្រជាជន ដំណាក់កាលទី៣ និងទី៤ ដោយបង្វែរទិសដៅទៅកាន់បណ្តាខេត្តភាគពាយ័ព្យ រួមមាន ខេត្តកំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងឧត្តរមានជ័យ ដែលនឹងចាប់ផ្តើមបន្តនៅក្នុងសប្តាហ៍ក្រោយ។
តាមទិន្នន័យជាលទ្ធផល ក្នុងដំណាក់កាលទី១ និងទី២ នៅក្នុងខេត្តចំនួន៤ មានខេត្តកំពត កែប កំពង់ស្ពឺ និងខេត្តព្រះសីហនុ ក្រុមការងារក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សហការជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរអង្គរ នូវរថយន្តធុនធំចំនួន២០គ្រឿងសម្រាប់ប្រតិបត្តិការ ដឹកជញ្ជូនទឹកទៅដាក់តាមគោលដៅនីមួយៗ បានចែកចាយទឹកស្អាតអស់ ចំនួន២,៥០៩.៥ម៉ែត្រគូប ជូនប្រជាពលរដ្ឋចំនួន២១,៨៣៤គ្រួសារ នៅក្នុងក្រុង/ស្រុកចំនួន១២ នៃខេត្តទាំង៤ ក្នុងនោះរួមមាន៖ ១.ខេត្តកំពត ចំនួន៦ក្រុង/ស្រុក (ក្រុងកំពត ស្រុកទឹកឈូ ស្រុកំពង់ត្រាច ស្រុកដង់ទង់ ស្រុកឈូក និងស្រុកអង្គរជ័យ) ចែកបានចំនួន១០,១០៦គ្រួសារ ប្រើប្រាស់ទឹកស្អាតអស់ ១,២៦៨ម៉ែត្រគូប ទី២.ខេត្តកែប ចំនួន២ក្រុង/ស្រុក (ក្រុងកែប និងស្រុកដំណាក់ចង្អើរ) ចែកបានចំនួន៤,៥០០គ្រួសារ ប្រើប្រាស់ទឹកស្អាតអស់ ចំនួន២៨២ម៉ែត្រគូប ទី៣.ខេត្តកំពង់ស្ពឺ ចំនួន៣ស្រុក (ស្រុកគងពិសី ស្រុកភ្នំស្រួច និងស្រុកបរសេដ្ឋ) ចែកបានចំនួន៣,៧៤២គ្រួសារ ប្រើប្រាស់ទឹកស្អាតអស់ ៣៦២.៥ម៉ែត្រគូប និងទី៤.ខេត្តព្រះសីហនុ ចំនួន១ស្រុក (ស្រុកព្រៃនប់) ចែកបានចំនួន៣,៤៨៦គ្រួសារ ប្រើប្រាស់ទឹកស្អាតអស់ ៥៩៧ម៉ែត្រគូប។ ក្រុមហ៊ុនស្រាបៀរអង្គរ បានឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន ២០០,០០០កេស។ ទន្ទឹមនឹងការជួយឧបត្ថមរបស់ ក្រុមហ៊ុនស្រាបៀរអង្គរ ក្រុមហ៊ុនស្រាបៀរកម្ពុជា ក៏បានឧបត្ថម្ភ រថយន្តធំចំនួន ១០គ្រឿង សម្រាប់ដឹកជញ្ជូនទឹកដាក់តាមគោលដៅ និងទឹកបរិសុទ្ធចំនួន ១០,០០០យួរ ផងដែរ។
ក្រៅពីយុទ្ធនាការទ្រង់ទ្រាយធំខាងលើលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដាក់ចេញនូវសេចក្តីណែនាំទៅគ្រប់មន្ទីរក្រោមឱវាទ នៅទូទាំងរាជធានី-ខេត្តទាំង២៥ និងអង្គភាពរដ្ឋាករទឹកសាធារណទាំងឡាយ ឲ្យចុះជាប់ជាប្រចាំជួយជីកអណ្តូងទឹក និងចែកចាយទឹកជូនប្រជាពលរដ្ឋប្រើប្រាស់នៅតាមមូលដ្ឋានរបស់ខ្លួន តាមគ្រប់មធ្យោបាយ និងលទ្ធភាពទាំងអស់ដែលអាចធ្វើទៅបាន ហើយត្រូវរាយការណ៍ជាបន្ទាន់នូវទីតាំង និងមូលដ្ឋានដែលមានការខ្វះខាតទឹកប្រើប្រាស់ ដើម្បីក្រសួងចាត់វិធានការដោះស្រាយឲ្យបានទាន់ពេលវេលា។
គួររលឹកផងដែរថា នៅក្នុងឆ្នាំ២០១៦នេះ ដោយសាររដូវប្រាំងបានអូសបន្លាយក្នុងរយៈពេលវែង និងឥទ្ធិពលនៃរលកកម្តៅខ្លាំង បានបណ្តាលឲ្យមូលដ្ឋានភូមិឃុំស្រុក ក្រុងមួយចំនួនជួបប្រទះនូវកង្វះខាតទឹកស្អាត សម្រាប់បរិភោគ និងប្រើប្រាស់ ហើយបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ប្រឈមចំពោះបញ្ហានៅចំពោះមុខនេះ និងអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ការដាក់ចេញនូវវិធានការនានារបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម គឺពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងទាន់ពេលវេលា ក្នុងការសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋបានមួយកម្រិតធំ៕