(ស្វាយរៀង)៖ រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកម្មវិធី «ខ្មៅដៃសប្បុរសធម៌» និងផ្តល់នូវសម្ភារសិក្សា និងសម្ភារអនាម័យជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាព្រៃទប់ ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងកម្មវិធីនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានឡើងនូវតួនាទីរបស់យុវជនថា «យុវជនមានតួនាទីសំខាន់ច្រើន ក្នុងការកសាងប្រទេសជាតិ ជាងការគិតទៅទៀត។ អនាគតរបស់ប្រទេសគឺអាស្រ័យលើពួកគេ ហើយពួកគេតំណាងឱ្យនៅគ្រប់កម្រិតរបស់ជាតិ។ យុវជនគ្រប់រូបមានទំនួលខុសត្រូវស្មើគ្នា ដើម្បីអនាគតរបស់ប្រទេស។ ពួកគេគឺជាសំណង់នៃប្រទេស»។

លោកថា «ភាពយុវវ័យ គឺជារយៈពេលដ៏ល្អបំផុតនៃជីវិត ដើម្បីសម្រេចនូវក្តីសុបិនដ៏ធំដែលពោរពេញដោយចំណង់ចំណូលចិត្ត និងថាមពល។ ថ្វីត្បិតតែរយៈពេលនេះពោរពេញដោយភាពរីករាយ ក្តីសុបិន និងការផ្សងព្រេង ប៉ុន្តែពួកគេត្រូវតែស្វែងរកដោយការគិត។ វាគឺជាពេលវេលាជាក់ស្តែងដែលយើងអាចផ្តល់នូវទម្រង់ និងរូបរាងដល់គំនិតរបស់យើងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»៕