(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារពិសេសមួយជូនជនរួមជាតិ ដោយបញ្ជាក់ថា នៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺ១៩ នោះទេ ដែលជាកំណត់ត្រាក្នុងប្រវត្តិសាស្ត្រ មិនធ្លាប់មានចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១។
តាមរយៈសារសំឡេងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ថ្ងៃនេះជាលើកដំបូងចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើង ពុំមានករណីឆ្លងជំងឺកូវីដ១៩ កើតឡើងនោះទេ បានសេចក្តីថាថ្ងៃនេះ យើងមិនមានអ្នកឆ្លងសូម្បីមួយករណី គឺសូន្យករណី»។
ករណីគ្មានកូវីដ១៩ ក្នុងមួយថ្ងៃដែលជាកំណត់ត្រាក្នុងប្រវត្តិសាស្ត្រនេះ បានកើតឡើងបន្ទាប់ពីកម្ពុជាសាកល្បងបើកឱកាស ឱ្យប្រជាពលរដ្ឋបានដើរលេងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ដោយមិនមានការពាក់ម៉ាស់និងរក្សាគម្លាត។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា អត្រាឆ្លងកម្រិតទៀតផុតបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីនេះ គឺជាជោគជ័យដោយចំនួនអ្នកឆ្លងនៅក្នុង១ខ្ទង់ ហើយថ្ងៃខ្លះមាន១ករណី ឬពីរករណីប៉ុណ្ណ ហើយថ្ងៃនេះគឺសូន្យតែម្ដង។
ទោះជាយ៉ាងនេះក្តី សម្ដេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យជនរួមជាតិបន្តការពារខ្លួនពីការរីករាលដាលជំងឺកូវី១៩ បន្តទៀត ជាមួយនឹងវិធានការសុខាភិបាល ទោះបីជាលើកលែងកាតព្វកិច្ចពាក់ម៉ាស ក៏ប៉ុន្តែរាជរដ្ឋាភិបាលក៏នៅតែបន្តលើកទឹកចិត្តឲ្យមានការពាក់ម៉ាស់។
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវជាពិសេសឲ្យបងប្អូនជនរួមជាតិទទួលយកវ៉ាក់សាំងដុសជំរុញ ដូសទី៣ និងទី៤ ហើយនឹងអាចបន្តឈានទៅរកដូសទី៥ បន្ទាប់ពីគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកម្ពុជាពិនិត្យឃើញថាដល់ពេលវេលាដែលត្រូវចាក់វ៉ាក់សាំងដូសទី៥
សម្តេចចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចពិតជាមានមោទនភាពដែលប្រជាពលរដ្ឋកម្ពុជា ដែលរូបរួមគ្នាជុំវិញព្រះមហាក្សត្រ ជុំវិញអង្គនីតិបញ្ញត្តិ និងជុំវិញរាជរដ្ឋាភិបាល ប្រយុទ្ធយកឈ្នះក្នុងគ្រាដែលលំបាក។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រទេសជាដៃគូនានាដែលបានផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជាដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលវ៉ាក់សាំងទាំងនោះបានចូលរួមចំណែកដល់ការបាត់ដំណើរការប្រទេសឡើងវិញ ដល់ឱកាសឲ្យប្រជាពលរដ្ឋអាចបន្តការរកស៊ីធម្មតាឡើងវិញ ជាមួយនឹងការរៀនរស់ជាមួយកូវីដ១៩ តាមគន្លងថ្មី។
សម្ដេចតេជោហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានចូលរួម និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋផងដែរ៕
ខាងក្រោមនេះជាសាររបស់សម្ដេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/92405