(កំពង់ឆ្នាំង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៤៤១នាក់ បានបន្តចុះពិនិត្យនិងព្យាបាលជូនដល់ប្រជាពលរដ្ឋចំនួន៧,៥៦៣នាក់ ដោយឥតគិតថ្លៃ នៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រួមជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋ។

ការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី តំណាងលោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បាននាំយកអំណោយជាថ្នាំពេទ្យ ពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រួមនិងការផ្សព្វផ្សាយវិធីសាស្ត្រការពារជំងឺកូវីដ១៩ជូនដល់ពលរដ្ឋ, ដោយសហការជាមួយ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តកំពង់ឆ្នាំង, លោកអភិបាលស្រុកកំពង់លែង ពិសេសមន្ទីរសុខាភិបាល មន្ទីរជុំវិញខេត្តកំពង់ឆ្នាំង សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ ស.ស.យ.ក ខេត្តកំពង់ឆ្នាំង និងយុវជនកាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ០៧ ឧសភា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់លោក ហ៊ុន ម៉ានី ធ្វើឲ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានចំនួន ៦,៧៧៩នាក់ (ប្រាំមួយពាន់ប្រាំពីរមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,៦៩៦ នាក់ (បីពាន់ប្រាំមួយរយកៅសិបប្រាំមួយនាក់) បានចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស វគ្គសង្រ្គោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ដោយក្នុង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៥៨១លើក ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ៨,១១២,២៨៥នាក់ (ប្រាំបីលានដប់មួយម៉ឺនពីរពាន់ពីររយប៉ែតសិបប្រាំនាក់) ក្នុងនោះស្ត្រីមានចំនួន ៤,៣៥០,៨៤៤នាក់ (បួនលានសាមសិបប្រាំម៉ឺនប្រាំបីរយសែសិបបួននាក់) ជាង១ភាគ២នៃប្រជាជនសរុបទូទាំងប្រទេសចំនួន១៥,៥៥២,២២១នាក់ (ដប់ប្រាំលានហាសិបប្រាំម៉ឺនពីរពាន់ពីររយម្ភៃ មយនាក់)។

បើតាមការបញ្ជាក់ពីលោក លេង ផាលី បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ ពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ ដែលបានឃើញក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សុទ្ធតែក្រុមគ្រូពេទ្យទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលមានជំនាញយ៉ាងពិតប្រាកដ រួមជាមួយនឹងឧបករណ៍ទំនើបៗ មកពិនិត្យ និងព្យាបាលជំងឺ រួមជាមួយនឹងការផ្សព្វផ្សាយអំពីវិធីសាស្ត្រការពារខ្លួនពីជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ប្រជាពលរដ្ឋជាង៧ពាន់នាក់ នៅស្រុកកំពង់លែង ខេត្តកំពង់ស្ពឺ ក៏បានថ្លែងអំណរគុណជាខ្លាំង ដល់លោក ហ៊ុន ម៉ានី និងបានអំពាវនាវដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ឲ្យឧស្សាហ៍ចុះមកដើម្បីពិនិត្យ និងព្យាបាលជំងឺដល់ពួកគាត់នៅតាមតំបន់ដាច់ស្រយ៉ាល។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ នៅថ្ងៃនេះបានបង្ហាញឲ្យឃើញថា ជំងឺកុមារចំនួន៨៤នាក់ ជំងឺស្ត្រីចំនួន៥៨នាក់ ជំងឺផ្លូវចិត្តចំនួន៩០នាក់ ជំងឺឫសដូងបាតចំនួន១១៣នាក់ ជំងឺសន្លាក់ឆ្អឹងចំនួន២១៧នាក់ ជំងឺផ្លូវដង្ហើមចំនួន១១៩នាក់ ជំងឺទឹកនោមផ្អែមចំនួន៥១០នាក់ អេកូសាស្ត្រចំនួន៧៩នាក់ វាស់និងពិគ្រោះជំងឺបេះដូងចំនួន២៤៦នាក់ ជំងឺត្រចៀកនិងបំពង់ក៧៤នាក់ ជំងឺវះកាត់តូចចំនួន៥៣នាក់ វិភាគឈាម២៣៧នាក់ ជំងឺទូទៅចំនួន៤,៧១៩នាក់ និងផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ចំនួន៤៨នាក់ សង្គ្រោះបឋមចំនួន១៥០នាក់ ជំងឺភ្នែក៦៣៨ និងសុខភាពមាត់ធ្មេញ១២៨នាក់៕