(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង និងក្តឿងរាយ រួមជាមួយក្រុមការងារ ក្រុមប្រឹក្សាឃុំ ស្រុក ប្រធានភូមិ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២,បានធ្វើពិធីប្រកាសសមាជិក សមាជិកាបក្សថ្មីនៅឃុំក្តឿងរាយ ស្រុកកញ្ជៀច ខេត្តព្រៃវែង ចំនួន២៦០នាក់ ។
នាឱកាសនេះលោក ចាន់ វ៉ាន់ធឿន ក្នុងនាមប្រធានក្រុមការងារ បានជម្រាបជូនសមាជិក សមាជិកាបក្សថ្មី អំពីសមិទ្ធផលនានា ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានក្នុងអាណត្តិទី៦ និងបន្តអភិវឌ្ឍន៍នៅអាណត្តិក្រោយៗទៀត,ជាក់ស្តែង នៅក្មុងឃុំក្តឿងរាយ ក្រុមការងារគណបក្សប្រជាជន បានជួសជុលរចនាសម្ព័ន្ធផ្លូវថ្នល់ កសាងមតេយ្យសាលាតាមបណ្តាភូមិ ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ និងរួមគ្នាការពារសន្តិភាព និងបានពាំនាំនូវមតិផ្តាំផ្ញើពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយបានស្នើដល់សមាជិក សមាជិកាថ្មីខិតខំយកចិត្តទុកដាក់អនុវត្តន៍ និងគាំទ្រគោលនយោបាយគណបក្សឲ្យបានល្អប្រកបដោយភាពស្មោះត្រង់ ស្រឡាញ់គណបក្សប្រជាជនប្រជាជនកម្ពុជា និង ប្តេជ្ញាបោះឆ្នោតជូនគណបក្ស។
លោកបានបញ្ជាក់បន្ថែមទៀតថា «បងប្អូនទាំងអស់គ្នាពិតជាសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការមកជ្រកក្រោមម្លប់គណបក្សប្រជាជនកម្ពុជា ព្រោះថាគណបក្សប្រជាជនកម្ពុជា ជាបក្សនយោបាយដែលបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ រួមទាំងការរំដោះប្រទេសជាតិពីនឹមអាណានិគមបារាំង និងរបបខ្មែរក្រហម ជាពិសេសគឺការនាំមកនូវសុខសន្តិភាព ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការកសាងជាតិ ហើយសមាជិកថ្មីគឺជាកោសិកាថ្មី ជាឈាមថ្មី និងជាទំពាំងស្នងឬស្សីរបស់គណបក្ស ក៏ដូចប្រទេសជាតិផងដែរ»។
លោកបានបន្តទៀតថា មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិភាពនាំមកនូវស្ថិរភាព និងការអភិវឌ្ឍ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសជំរុញការចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ព្រមទាំងបានឧបត្ថម្ភជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងពេលវិបត្តិកូវីដ-១៩នេះ។
ជាកិច្ចបញ្ចប់លោក ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ដូចខាងក្រោម៖
១៖ ស្វែងយល់អំពីគោលនយោបាយរបស់គណបក្ស
២៖ សាមគ្គីភាព ផ្ទៃក្នុងបក្ស ស្មោះត្រង់បក្ស ការពារគណបក្សឱ្យបានគង់វង្ស
៣៖ រក្សាសុខសន្តិភាពដល់ក្មេងជំនាន់ក្រោយ
៤៖ ខិតខំរៀនសូត្រ ធ្វើជាពលរដ្ឋល្អ ជាធនធានមនុស្សចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ
៥៖ ចេះឆ្លើយតបបានទាន់ពេលវេលា ចំពោះការវាយប្រហារ និងការឃោសនា អគតិ ពីក្រុមប្រឆាំង
៦៖ គាំទ្របេក្ខភាពសម្តេចនាយករដ្ឋមន្ត្រីជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧នេះ និងអាណត្តិក្រោយៗទៀត ជាពិសេស គាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត
៧៖ ត្រូវចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយរក្សាឱ្យបាននូវសមាជិកម្នាក់ សម្លេងឆ្នោតមួយសន្លឹក ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា៕