(ភ្នំពេញ)៖ ពិតណាស់ទីណាក៏ដោយ ឱ្យតែមានបង-ប្អូនប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ជាជនចាស់ជរាទីទាល់ និងស្ត្រីមេម៉ាយគ្មានទីពឹង ឬជួបគ្រោះមហន្តរាយផ្សេងៗ ទីនោះតែងតែមានវត្តមានរបស់កាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ។
ជាក់ស្ដែងលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា និងអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មកឧបត្ថម្ភដើម្បីជួយសម្រាលបន្ទុកជីវភាពមួយចំនួនភ្លាមៗដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះសម្បែង ចំនួន១៨ខ្នងផ្ទះ ស្មើ៣០គ្រួសារ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។
សូមជម្រាបថា សម្រាប់អំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ ដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកមកឧបត្ថម្ភជូន ប្រជាពលរដ្ឋងាយរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះសម្បែង ១៨ខ្នងផ្ទះ ទាំង៣០គ្រួសារនាពេលនេះ គឺក្នុង១គ្រួសារទទួលបាន រួមមាន៖ អង្ករ២បាវ, មី២កេះ, ត្រីខ២យួរ, ទឹកស៊ីវអ៊ីវ១យួរ, ទឹកត្រី១យួរ និងថវិកា១០ម៉ឺនរៀល។
លោក ឯក ឃុនដឿន ក្នុងសកម្មភាពមនុស្សធម៌នេះ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពោលគឺ ទីណាក៏ដោយ ឱ្យតែមានប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ជាជនចាស់ជរាទីទាល់ និងស្ត្រីមេម៉ាយគ្មានទីពឹង ឬជួបគ្រោះមហន្តរាយផ្សេងៗ ទីនោះតែងតែមានវត្តមាន របស់កាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ក្រោយពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានទទួលសេចក្ដីរាយការណ៍ពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរភូមិ-សង្កាត់ ដែលជាសេនាធិការ៕