(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្ត ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារ នៃសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាស្វាមីរបស់លោកស្រី លាង វួចឆេង ហ៊ុន ណេង ដែលបានទទួលមរណភាព នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៦:២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

ជាមួយនឹងការទទួលមរណភាពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង, លោក ងួន រតនៈ និងលោក ឈុន ឈន់ ព្រមទាំងប្រតិភូអមដំណើរទាំងអស់ សូមសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បានសោយសុខក្នុងសុគតិភពជានិរន្តរ៍តរៀងទៅ។

សូមបញ្ជាក់ថា សពលោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២៕