(ព្រះវិហារ)៖ លោក ចាន់ នន់វិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសបានរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារមានគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ ពិតប្រាកដ និងធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន។

ការថ្លែងលើកឡើងបែបនេះរបស់លោក ចាន់ នន់វិទ្យា ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីសំណេះសំណាល ជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានទាំង៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ។

ពិធីនេះក៏មានការចូលរួមពី លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកសង្គមថ្មី និងលោក ទែន សារុំ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងក្រុមការងារខេត្តចុះជួយស្រុក ឃុំ និងមន្ត្រីគណបក្សជាច្រើនរូបទៀត។

លោក ចាន់ នន់វិទ្យា បានថ្លែងលើកឡើងជម្រាបជូនមន្ត្រីគណបក្សឲ្យដឹងទៀតថា គណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជីវិតយើងឲ្យរួចផុតពីការស្លាប់ នៃរបបប្រល័យពូជសាសន៍ប៉ុលពត ហើយថ្មីៗ គឺការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

លោកថា បើគ្មានការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន លើការចាក់ស្រោចវ៉ាក់សាំងទេ ម្ល៉េះមកដល់ថ្ងៃនេះប្រទេសកម្ពុជា យើងមិនអាចបើកដំណើរការឡើងវិញលើគ្រប់វិស័យបានទេ ហើយប្រជាពលរដ្ឋក៏នៅតែអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ដដែល។ លោកក៏បានថ្លែងអំពាវនាវឲ្យមានការចូលរួមគាំទ្រពីលោក លោកស្រី ដែលជាសមាជិកគណបក្សនៅមូលដ្ឋាន ដើម្បីឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ។

ដោយឡែកលោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកសង្គមថ្មី បានថ្លែងណែនាំដល់ក្រុមការងារគណបក្សចុះជួយតាមឃុំ ត្រូវយកចិត្តទុកដាក់លើកស្លាកគណបក្សឲ្យបានគ្រប់ឃុំ។

លោកថា តាមរយៈអំពើល្អរបស់ក្រុមការងារគណបក្សចុះជួយស្រុកសង្គមថ្មី ពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងលោក មាស សុភា ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ជាប្រធានគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំគណបក្សជាច្រើនរូបទៀត លោកសង្ឃឹមថាគណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី នឹងទទួលជោគជ័យលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ខាងមុខនេះមិនខាន៕