(ប្រេស៊ីល)៖ ប្រធានាធិបតីបណ្តោះអាសន្នប្រេស៊ីល លោក Michel Temer នៅថ្ងៃនេះ បានសន្យា និងប្ដេជ្ញាកែលម្អសេដ្ឋកិច្ចប្រេស៊ីលឲ្យបន្តកើនឡើង ដោយក្នុងនោះលោកមានយុទ្ធសាស្ត្រជាច្រើនដើម្បីឲ្យប្រទេសជាតិរីកចម្រើន និងសុខសន្ដិភាព នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នាថ្ងៃទី១៣ ខែឧសភា។
នៅក្នុងសុន្ទរកថាជាលើកដំបូងក្នុងនាមជាប្រធានាធិបតីស្ដីទី អតីតអនុប្រធានាធិបតីរូបនេះ បានលើកឡើងថា លោកនឹងជំនះនូវវិបត្តិធ្ងន់ធ្ងរដែលកំពុងកើតមាននៅក្នុងប្រទេស ហើយលោកសន្យានឹងដោះស្រាយឲ្យបានឆាប់បំផុត ប៉ុន្តែលោកក៏ទាមទារឲ្យមានការសហការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ផងដែរ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលហ៊ុព័ទ្ធដោយរដ្ឋមន្ត្រីជាច្រើនរូប លោក Temer បានប្រកាសថា បញ្ហានៅចំពោះមុខ ដែលត្រូវដោះស្រាយមុនគេគឺបញ្ហាសេដ្ឋកិច្ច ដូច្នេះលោកត្រូវដោះស្រាយ និងធ្វើយ៉ាងណាឲ្យកំណើនសេដ្ឋកិច្ចបន្តកើនឡើង។
គួរបញ្ជាក់ផងដែរថា ព្រឹទ្ធសភាប្រេស៊ីល នៅថ្ងៃទី១២ ខែឧសភាម្សិលមិញនេះ បានបោះឆ្នោតដកហូតតំណែងរបស់លោកស្រី Dilma Rousseff ពីប្រធានាធិបតី ដោយជ្រើសតាំងលោក Michel Temer អនុប្រធានាធិបតី ឲ្យឡើងកាន់តំណែងប្រធានាធិបតីស្ដីទី ដោយលោកស្រី Dilma Rousseff ត្រូវបានព្រឹទ្ធសភាបញ្ឈជើង ១៨០ថ្ងៃ ពាក់ព័ន្ធនឹងបទចោទប្រកាន់ជាច្រើនករណី៕