(បាត់ដំបង)៖ ក្រុមការងាររបស់លោក មាស វិរិទ្ធ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានភូមិវត្តគរ និងច្រាបក្រសាំងរួមជាមួយក្រុមការងារនៅមូលដ្ឋាន បានអញ្ជើញចុះជួបប្រជាពលរដ្ឋ ជួបការលំបាកមានជំងឺ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមមួយចំនួន នៅភូមិភូមិវត្តគរ និងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឧបត្ថម្ភថវិកាមួយចំនួន។

ក្នុងនាមលោក មាស វិរិទ្ធ នាឱកាសនោះ លោក លឹម តុងហួត បានប្រាប់ឲ្យដឹងថា ក្រុមការងាររបស់យើងទាំងអស់ បានជួបសំណេះសំណាល ក្នុងនាមជាមហាគ្រួសារអ្នកបាត់ដំបងតែមួយ វាសនាតែមួយ ទទួលបានការគិតគូរពីសំណាក់ថ្នាក់ដឹកនាំ គណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ពិសេសសម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្ត អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំអភិវឌ្ឍន៍មូលដ្ឋានខេត្តបាត់ដំបង មានការរីកចម្រើន។

ក្នុងឱកាសនោះដែរ លោក លឹម តុងហួត បានថ្លែងបន្តថា ការចូលរួមសហការរបស់ប្រជាពលរដ្ឋ គឺជាការសំខាន់ចាំបាច់ដែលជួយឲ្យការងារអភិវឌ្ឍន៍មូលដ្ឋាន ទទួលបានជោគជ័យរីកចម្រើន ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈល្អប្រសើរ ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ កូនចៅមានឱកាសបានរៀនសូត្រមានការងារធ្វើជីវភាពធូរធារ កាត់បន្ថយបាននូវភាពក្រីក្រ។

ជាមួយគ្នានេះ លោក លឹម តុងហួត បានសំណូមពរដល់ប្រជាពលរដ្ឋសូមជួយអប់រំកូនចៅឲ្យប្រព្រឹត្តតែអំពើល្អ គោរពច្បាប់ចរាចរណ៍ ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសជំរុញនិងដូសមូលដ្ឋាន និងសូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបានគ្រប់គ្នា។

លោក លឹម តុងហួត និងក្រុមការងារទាំងអស់ បានថ្លែងអំណរគុណ ដល់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណកម្មាធិការគណបក្ស ខេត្តបាត់ដំបងដែលបានជួយសម្រួលរំដោះទឹកលិច ជូនប្រជាពលរដ្ឋនៅក្រុម៧ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕