(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។
តាងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោករដ្ឋមន្ត្រី សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់ឯកឧត្តម ហ៊ុន ណេង ដែលជាការបាត់បង់ឥស្សរជននយោបាយដ៏ឆ្នើមរបស់ជាតិ។ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញណក្ខន្ធរបស់ឯកឧត្តម ហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕