(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានរៀបចំពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ក្នុងនោះមានទាំងអតីតសមាជិកអតីត គណបក្សសង្គ្រោះជាតិ ដែលបានសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាសរុប១៥៣នាក់។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ឡេង តុង អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខណ្ឌចំការមន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ។ ពិធីនេះដែរ ក៏មានការចូលរួមពីអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ប្រធានគណៈអចិន្ត្រៃយ៍គណបក្សសង្កាត់ផ្សារដើមថ្កូវ បេក្ខជនក្រុមប្រឹក្សាសង្កាត់ផ្សារដើមថ្កូវ និងសមាជិកបក្សថ្មី ទាំង ១៥៣នាក់។
ក្នុងឱកាសនោះលោក ឡេង តុង បានផ្តាំផ្ញើសួរសុខទុក្ខពីលោក អ៉ិត សំហេង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខណ្ឌចំការមន ដល់សមាជិកសមាជិកាទាំងអស់។ លោក ឡេង តុង មានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះសមាជិកថ្មីចំនួន១៥៣នាក់ ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
លោកក៏បានបញ្ជាក់ថា «បងប្អូនទាំងអស់គ្នាពិតជាសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការមកជ្រកក្រោមម្លប់គណបក្សប្រជាជនកម្ពុជា ព្រោះថាគណបក្សប្រជាជនកម្ពុជា ជាបក្សនយោបាយដែលបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ រួមទាំងការរំដោះប្រទេសជាតិពីនឹមអាណានិគមបារាំង និងរបបខ្មែរក្រហម ជាពិសេសគឺការនាំមកនូវសុខសន្តិភាព ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការកសាងជាតិ ហើយសមាជិកថ្មីគឺជាកោសិកាថ្មី ជាឈាមថ្មី និងជាទំពាំងស្នងឬស្សីរបស់គណបក្ស ក៏ដូចប្រទេសជាតិផងដែរ»។
លោកបានបន្តទៀតថា មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិភាពនាំមកនូវស្ថិរភាព និងការអភិវឌ្ឍ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសជំរុញការចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ព្រមទាំងបានឧបត្ថម្ភជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងពេលវិបត្តិកូវីដ-១៩នេះ។
ជាកិច្ចបញ្ចប់លោក ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ដូចខាងក្រោម៖
១៖ ស្វែងយល់អំពីគោលនយោបាយរបស់គណបក្ស
២៖ សាមគ្គីភាព ផ្ទៃក្នុងបក្ស ស្មោះត្រង់បក្ស ការពារគណបក្សឱ្យបានគង់វង្ស
៣៖ រក្សាសុខសន្តិភាពដល់ក្មេងជំនាន់ក្រោយ
៤៖ ខិតខំរៀនសូត្រ ធ្វើជាពលរដ្ឋល្អ ជាធនធានមនុស្សចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ
៥៖ ចេះឆ្លើយតបបានទាន់ពេលវេលា ចំពោះការវាយប្រហារ និងការឃោសនា អគតិ ពីក្រុមប្រឆាំង
៦៖ គាំទ្របេក្ខភាពសម្តេចនាយករដ្ឋមន្ត្រីជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧នេះ និងអាណត្តិក្រោយៗទៀត ជាពិសេស គាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត
៧៖ ត្រូវចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយរក្សាឱ្យបាននូវសមាជិកម្នាក់ សម្លេងឆ្នោតមួយសន្លឹក ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរ លោក ឡេង តុង បានឧបត្ថម្ភថវិកា ដល់សមាជិកបក្សថ្មីទាំង ១៥៣នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ២០០០០រៀល និងប្រធានគណៈអចិន្ត្រៃយ៍គណបក្សសង្កាត់ផ្សារដើមថ្កូវ ឧបត្ថម្ភ អាវបក្ស និងមួកបក្សម្នាក់មួយផងដែរ៕