(ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គួរតែចំណាយពេលឱ្យបានច្រើនជាមួយមេដឹកនាំអាស៊ាន កំលុងកិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើឡើងនៅឯទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាសប្ដាហ៍ក្រោយ ប្រសិនបើរដ្ឋបាលរបស់លោកពិតជាមានភាពប្រាកដប្រជា ក្នុងការលើកកម្ពស់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន។ នេះជាការលើកឡើងរបស់ លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២នេះ លោក កៅ គឹមហួន បានឱ្យដឹងទៀតថា ក្នុងពេលបច្ចុប្បន្ន មិនមានជំនួបដាច់ដោយឡែក រវាងមេដឹកនាំនៃប្រទេសជាសមាជិកអាស៊ានទាំង១០ ជាមួយលោក ចូ បៃដិន ត្រូវបានគ្រោងទុកនោះទេ នៅក្នុងកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា។

បើតាម លោក កៅ គឹមហួន មេដឹកនាំអាស៊ានទាំងអស់គួរតែទទួលបានការគោរពស្មើៗគ្នា និងឱកាសក្នុងការចំណាយពេលដ៏មានតម្លៃជាមួយ លោក បៃដិន។ លោកបានបញ្ជាក់ដូច្នេះថា «ក្នុងនាមជាប្រទេសដ៏ធំមួយ និងជាម្ចាស់ផ្ទះ, សហរដ្ឋអាមេរិកគួរតែបើកចិត្ត ឱ្យទូលាយចំពោះភ្ញៀវជាមេដឹកនាំដែលបានកំពុងត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ខណៈលោក បៃដិន បាន និងកំពុង លើកឡើងពីកិច្ចពិភាក្សាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

លោក កៅ គឹមហួន បន្ថែមថា លោកជឿជាក់ថា វានឹងមានការអនុវត្តជាធម្មតាសម្រាប់ប្រធានអាស៊ាន ដើម្បីជួបពិភាក្សាការងារជាមួយ មេដឹកនាំនៃប្រទេសជាម្ចាស់ផ្ទះ ទោះជាវាជាកិច្ចសន្ទនាផ្លូវការ ឬមិនផ្លូវការក៏ដោយ។ ប៉ុន្តែ ទោះជាបែបនេះក្ដី អគ្គរដ្ឋទូតអាមេរិកប្រចាំ ប្រទេសកម្ពុជា លោក Patrick Murphy បានប្រាប់លោកថាមិនទាន់មានព័ត៌មានជាក់លាក់ពាក់ព័ន្ធនឹងការរៀបំចំជំនួបទ្វេភាគីណាមួយ ឡើយ ដោយសារតែលោក ចូ បៃដិនមានភាពមមាញឹកខ្លាំងពេក។

ជុំវិញបញ្ហានេះដែរ សេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការកត់សម្គាល់របស់ លោក កៅ គឹមហួន ទេ ដោយគ្រាន់តែ អ្នកនាំពាក្យសេតវិមាន លោកស្រី ជេន សាគី បាននិយាយថា លោក ចូ បៃដិន នឹងរៀបចំពិធីទទួលទានអាហារពេលល្ងាចជាមួយមេដឹកនាំ អាស៊ានទាំង១០ នៅថ្ងៃព្រហស្បតិ៍ ហើយចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំទាំងនោះនៅឯក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា នៅកិច្ចសម្ភាសជាមួយអង្គភាពសារព័ត៌មាន Fresh News លោក កៅ គឹមហួន បានសង្កត់ធ្ងន់ថាកម្ពុជានឹងមិនធ្វើការជ្រើសរវាងសហរដ្ឋអាមេរិក និងចិន ស្របពេលការនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជាកំពុងមានកំណើន។ ប៉ុន្តែ រដ្ឋអាស៊ាននីមួយៗ មានជំហរផ្សេងៗគ្នាពាក់ព័ន្ធនឹងជម្លោះ ហើយជំហររួមរបស់អាស៊ាន នឹងធ្វើឡើងតាមគោលការណ៍កង់សង់ស៊ីស៕