(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងារកម្មករ ពលករចំណាកស្រុករបស់ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការជួបសំណេះសំណាល និងការជួប ប្រាស្រ័យដោយផ្ទាល់ជាមួយបងប្អូនកម្មករ ពលករចំណាកស្រុកនៃខេត្តព្រៃវែង អំឡុងពេលនៃពិធីប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាល ត្រូវនឹងថ្ងៃទី១៤-១៥-និង ១៦ ខែមេសាកន្លងមក និង កំណត់ទិសដៅការងារបន្ទាន់ ដើម្បីជំរុញការបង្កលក្ខណៈងាយស្រួលសព្វបែបយ៉ាងដល់បងប្អូនកម្មករ ពលករ ពីទីជិតឆ្ងាយដែលនឹងវិលត្រឡប់មកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅតាមមូលដ្ឋានភូមិ ស្រុករបស់ខ្លួនវិញ ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងមុខងារសាធារណៈដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសំណាក់អស់លោក លោកស្រី ជាអនុប្រធាន សមាជិកក្រុមការងារនៅថ្នាក់ជាតិនិងថ្នាក់ខេត្ត អភិបាល អភិបាលរងស្រុក-ក្រុងនៃខេត្តព្រៃរៃវែង មន្រ្តីបង្គោលនៃក្រុមលេខាធិការដ្ឋាន និងមន្ត្រីពាក់ព័ន្ធសរុបមានអ្នកចូលរួមចំនួនជាង៥០នាក់ ។
ជាដំបូង លោក អន ភារៈ អភិបាលរងខេត្តព្រៃវែង និងជាអនុប្រធានប្រចាំការក្រុមការងារចំណាកស្រុកបានធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការជួបសំណេះសំណាល និងការជួបប្រាស្រ័យជាមួយកម្មករ ពលករចំណាកស្រុក របស់ខេត្តព្រៃវែងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅថ្មីៗនេះ ដែលនៅតាមក្រុង-ស្រុកទាំង១៣ ក្រុមការងារយើងបានជួបប្រាស្រ័យសំណេះសំណាលជាមួយបងប្អូនចំណាកស្រុក សរុបប្រមាណ ចំនួន៦០,០០០នាក់ តាមរូបភាពប្រមូលផ្តុំផ្សេងៗ និងតាមខ្នងផ្ទះ ផ្អែកលើស្ថានភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ ។
បន្ទាប់មក អង្គប្រជុំបានរួមយោបល់ពិភាក្សាយ៉ាងផុសផុលលើរបាយការណ៍ និងទិសដៅការងារខាងមុខ ដោយបានផ្តល់ជាធាតុចូលល្អជាច្រើនសម្រាប់ជំរុញសកម្មភាពការងារសំខាន់ៗនាពេលខាងមុខ ពិសេសការចូលរួម ចំណែកក្នុងចលនាសរុបនៅមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនចំណាកស្រុក បានមកចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ។
ថ្លែងមតិបិទអង្គប្រជុំ លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារចំណាកស្រុកនៃខេត្តព្រៃវែង បានវាយតម្លៃខ្ពស់ពីកិច្ចសហការរវាងក្រុមការងារជាមួយកំលាំងសរុបនៅមូលដ្ឋានទូទាំងខេត្តព្រៃវែង ក្នុងការចាត់ចែងរៀបចំបានល្អ ការប្រារព្ធពិធីបុណ្យប្រពៃណីជាតិដែលបានបង្កបរិយាកាសសប្បាយរីករាយពោរពេញដោយក្តីរំភើបជូនបងប្អូនប្រជាពលរដ្ឋ និងកូនចៅចំណាកស្រុក ជួបជុំគ្នាទទួលអំណរឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦។
គួរកត់សម្គាល់ថាមានបរិយាកាសគគ្រឹកគគ្រេងអធិកអធមលើសធម្មតានាបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ គឺអាស្រ័យដោយចលនាជាតិក្រោមមគ្គុទេសក៍ដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមស្រុះដៃគ្នារបស់ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេសបានប្រយុទ្ធឈ្នះកូវីដ-១៩ បង្កលក្ខណៈឱ្យជីវភាពសង្គមជាតិវិលត្រឡប់មកកាន់ប្រក្រតីភាពជាធម្មតាវិញដូចសព្វថ្ងៃ។
អាស្រ័យហេតុនេះ យើងទាំងអស់ត្រូវបន្តជំរុញចលនានេះឱ្យកាន់តែសស្រាក់សស្រាំថែមទៀត ចូលរួមដោះស្រាយរាល់ផលប៉ះពាល់ជាវិបត្តបង្កដោយជំងឺដ៏កាចសាហាវនេះ សំដៅស្តារសេដ្ឋកិច្ចសង្គមជាតិឱ្យងើបឡើងវិញយ៉ាង ឆាប់រហ័ស ដើម្បីរក្សាការពាររឹងមាំសន្តិភាព ស្ថិរភាព វឌ្ឍនភាពរបស់ប្រទេសជាតិ និងលើកកម្ពស់សុខុមាលភាព វិបុលភាពរបស់ប្រជាជនយើង។
កិច្ចប្រជុំក្រុមការងារចំណាកស្រុកខេត្តព្រៃវែងបានបញ្ចប់ជាមួយការបេ្តជ្ញាចិត្ត ដើម្បីសម្រេចភារកិច្ចខិតខំរក្សាទំនាក់ទំនងផ្សារភា្ជប់ជិតស្និទ្ធជាប្រចាំជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ពិសេសពុះពារជំរុញការងារបង្ក លក្ខណៈងាយស្រួលសព្វបែបយ៉ាងឱ្យបងប្អូនចំណាកស្រុក ឱ្យបានចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព នៃអនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនជានិរន្តន៍តរៀងទៅ៕