(កំពង់ចាម)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋម ន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសពព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលត្រូវជាបងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា មរណភាពរបស់ព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាការបាត់បង់នូវស្វាមី បង បងថ្លៃ ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុត និងជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់ជាតិ ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា និងបានបន្សល់ទុកនូវគំរូវីរភាពដ៏អង់អាចប្រកបដោយឆន្ទៈ មនសិការតាមរយៈការចូលរួមលើកកម្ពស់តម្លៃនីតិរដ្ឋ បម្រើប្រជាជន និងប្រទេសជាតិឱ្យទទួលបានសុខក្សេមក្សាន្ត។
លោកទេសរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ តំណាងឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃក្រសួង សាធារណការ និងដឹកជញ្ជូន បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសេចក្ដីសង្វេគជាទីបំផុត ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងបានលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨៖២៥នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ៕