(កំពត)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានណែនាំដល់អភិបាលខេត្តឆ្នេរសមុទ្រកម្ពុជាទាំង៤ ឱ្យរួមគ្នាថែទាំឆ្នេរសមុទ្រទប់ស្កាត់កុំឱ្យមានការសាងសង់សំណងរំលោភបំពានយកឆ្នេរ។
ក្នុងឱកាសអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅក្នុងក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកពីគុណតម្លៃដ៏មានសារៈសំខាន់នៃឆ្នេរសមុទ្រកម្ពុជា ដែលមានប្រវែងប្រមាណ ៥២៦គីឡូម៉ែត្រនៅក្នុងខេត្តព្រះសីហនុ កំពត កែប និងកោះកុង។
សម្រាប់លោកឧបនាយករដ្ឋមន្ត្រី ឆ្នេរសមុទ្រដែលកម្ពុជាមាននេះ គឺជាទុនដ៏សំខាន់ក្នុងការទាក់ទាញអ្នកទេសចរ បង្កើតជាចំណូលសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។ ជាមួយនឹងការលើកបង្ហាញពីសារៈសំខាន់របស់ឆ្នេរសមុទ្រហើយនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវនាវដល់អភិបាលខេត្តជាប់ឆ្នេរទាំង៤ ត្រូវប្រឹងប្រែងរួមគ្នាថែរក្សាឆ្នេរកុំឱ្យមានការរំលោភបំពានទៅធ្វើជាកម្មសិទ្ធិ ហើយសង់សំណង់ផ្សេងៗ។
លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងដូច្នេះ «សូមឯកឧត្តមអភិបាលខេត្តទាំងអស់ ដែលជាប់ជាមួយនឹងឆ្នេរ សូមមេត្តាថែរក្សា ចៀសវាងមានការលុប ជៀសវាងការកែប្រែឱ្យទៅជាទីកន្លែងសំណង់។ សំណង់បានតែមួយ ឬក៏ពីរសំណង់ ក៏ប៉ុន្តែខូចផលប្រយោជន៍ទាំងអស់»។
ក្រៅតែពីការណែនាំឱ្យថែរក្សាឆ្នេរសមុទ្រហើយនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យអភិបាលខេត្តជាប់ឆ្នេរសមុទ្រនេះ ត្រូវរួមគ្នាថែរក្សាព្រែកនានា ដែលជាដៃសមុទ្រផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «សមុទ្រ ធម្មតាតែងតែមានព្រែក។ ព្រែកនេះ អនុញ្ញាតឱ្យមានទឹកជោរនាចចូលទៅក្នុងទំនាបដទៃទៀត អាចនាំនូវជីជាតិ មមោក និងពេលនោះទឹកឡើងទឹកស្រក់ទឹកជោរទឹកនាចកោងកាងដុះ រុក្ខជាតិដទៃដុះ មច្ឆជាតិកើត បរិស្ថានក៏យើងអាចនឹងទទួលបាន។ អ៊ីចឹង ១១១ព្រែក ដែលយើងបានកត់ត្រាទុក»។
ពាក់ព័ន្ធការងារគ្រប់គ្រងឆ្នេរនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានកោតសរសើរដល់ការងារគ្រប់គ្រងឆ្នេរនៅក្នុងខេត្តព្រះសីហនុ។ ជាពិសេសអភិបាល និងអភិបាលរងខេត្ត ដែលបានជួយគ្រប់គ្រងតំបន់ឆ្នេរនៅក្នុងខេត្តព្រះសីហនុ បានល្អទាំងអស់គ្នា។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ «សមទ្ធិផលនេះហើយចាត់ទុកថា ជាមោទនភាពជាតិយើង មិនបាច់ចាំទៅប្រទេសដទៃទៀត នាំតែលំបាកយន្តហោះ និងបញ្ហាថ្លៃសណ្ឋាគារ ប៉ុន្តែនៅខេត្តព្រះសីហនុរបស់យើង ងូតទឹកសមុទ្រអត់បង់ប្រាក់ ងូតទឹកសាបអត់មានបង់ប្រាក់ កុមារាកុមារីចូលបន្ទប់ទឹក ក៏អត់មានបង់ប្រាក់»។
លោកឧបនាយករដ្ឋមន្ត្រី ចង់ឱ្យអភិបាលខេត្តកំពត និងខេត្តកែប គ្រប់គ្រងឆ្នេរសមុទ្រឱ្យបានដូចនឹងខេត្តព្រះសីហនុ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «ខ្ញុំចង់បាននៅខេត្តកំពត នៅខេត្តកែប អនុវត្តលំនាំប្រហាក់ប្រហែលគ្នានេះដែរ។ នេះជាសេចក្ដីត្រូវការរបស់យើង ចំពោះការចាក់ដីកែលំអក៏ចៀសមិនផុត តែមានគោលការណ៍ច្បាស់ ចៀសវាងការចាក់រួចហើយ ហើយមានរបាយការណ៍ថា ត្រូវតែមានវិធានការឱ្យកាយចេញ។ នោះចាត់ទុកជាការខាតបង់មួយដែលមិនអាចឱ្យកិច្ចការងារនេះ គឺទទួលបានបន្តទៅទៀតសូមឱ្យមានការទប់ស្កាត់ជាជំហានដំបូង»។
ក្នុងពិធីដែលប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តកំពត ដោយសារតែខេត្តនេះ ជាខេត្តផលិតអំបិលដ៏ធំរបស់កម្ពុជានោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានអំពាវនាវឱ្យថែរក្សាស្រែអំបិលជិត ៤ពាន់ហិកតា ឱ្យបានគង់វង្សមិនត្រូវឱ្យមានការយកផ្ទៃដីស្រែអំបិលទៅសង់សំណង់អ្វីផ្សេងនោះឡើយ។
លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងដូច្នេះ «ការគ្រប់គ្រងនៅខេត្តកំពតនេះ មានលក្ខណៈពិសេសមួយក្រៅពីវប្បធម៌នៅមានស្រែអំបិលមួយទៀត។ ត្រូវតែរក្សាទុក នេះគឺសុំឯកឧត្តមអភិបាលខេត្ត រៀបចំគ្រប់គ្រង មិនអនុញ្ញាតឱ្យមានការកែប្រែប្រភេទដីស្រែអំបិល ដែលចាត់ទុកថាវាជាទំនិញពិសេសរបស់កម្ពុជារបស់យើង។ ហើយអំបិលកំពតនេះពិតមែនតែអំបិលវាខ្មៅបន្តិច ប៉ុន្តែដូចជាទប់ស្កាត់ជាមួយនឹងជំងឺពក-ក ប្រសើរជាងយើងទិញអំបិលពីវៀតណាម ទិញអំបិលពីឡាវ ត្បិតតែវាស ប៉ុន្តែមិនដឹងគីមីដាក់ទៅណា»៕