(ស្វាយរៀង)៖ លោកបណ្ឌិត សៅ សុវណ្ណី បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មានសារៈសំខាន់ណាស់ សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ន ឲ្យនៅគង់វង្ស យូរអង្វែង ដើម្បីឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ការថ្លែងរបស់លោកបណ្ឌិត សៅ សុវណ្ណី បែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយប្រធានបក្សឃុំ និងក្រុមការងារសមាជិកបក្ស នៅឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។
លោកបណ្ឌិត បានថ្លែងធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការងារពង្រឹងបក្សបានល្អប្រសើរ ជាពិសេស នាពេលកន្លងមក ក្រុមការងារ សមាជិក សមាជិការបក្សបានដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ មានការសាមគ្គីភាពគ្នា ជាធ្លុងមួយ ដើម្បីឈានទៅរកការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ ឲ្យទទួលបានជោគជ័យបន្ថែមទៀត។
លោកបណ្ឌិត ក៏បានស្នើឲ្យពលរដ្ឋទាំងអស់ ត្រូវចូលរួមថែក្សាសមិទ្ធិផលទាំងឡាយ ដែលកើតចេញពីការខិតខំអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាគ្នា ឲ្យបានគង់វង្ស និងត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាលឲ្យផុសផលបន្ថែមទៀត។
លោកបណ្ឌិត ក៏បានក្រើនរំលឹក និងជំរុញឲ្យអាជ្ញាធរ ឃុំបុសមន ទាំងអស់យកចិត្តទុកដាក់លើចំណុចសំខាន់ មួយចំនួនដូចខាងក្រោម៖
* ១៖ អប់រំសតិអារម្មណ៍ឲ្យប្រជាជនបោះឆ្នោតដោយវិចារណញ្ញាណ ជៀសវាងការបោះឆ្នោតដោយអារម្មណ៍។
* ២៖ ត្រូវចងចាំថាចំណុចខ្លាំងរបស់បក្សយើង គឺសម្មិទ្ធិផលដែលបានខិតខំកសាងកន្លងមក និងការសម្រេចបានជោគជ័យលើបញ្ហាជំងឺកូវីដ-១៩ និងត្រូវព្យាយាមកាត់បន្ថយ និងឈានទៅលុបបំបាត់ នូវចំណុចអសកម្មរបស់យើងនៅតាមមូលដ្ឋាន។
* ៣៖ ប្រវត្តិសាស្រ្ត នៃរបបប្រល័យពូជសាសន៍ ក្មេងជំនាន់ក្រោយអាចនឹងមិនយល់ ហើយក៏មានប្រជាជនខ្លះអាចភ្លេច តែក្នុងនាមយើងជាសមាជិកបក្ស មិនត្រូវភ្លេចដាច់ខាត និងត្រូវបន្តផ្សព្វផ្សាយបង្ហាញពីការខិតខំរបស់បក្សយើងទើបមានអ្វីៗដូចសព្វថ្ងៃនេះ។
* ៤៖ ត្រូវមានការឯកភាព និងសាមគ្គីភាពផ្ទៃក្នុង ដើម្បីឈានទៅយកភាពឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។
*៥៖ ត្រូវតម្កល់ផលប្រយោជន៍ប្រជាជន ផលប្រយោជន៍ជាតិ និងគណបក្សជាធំ។
ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានអំពាវនាវដល់អាជ្ញាធរ ត្រូវជំរុញដល់ប្រជាពលរដ្ឋចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តទៀត។
ក្នុងឱកាសនោះ លោកបណ្ឌិត ក៏បានឧបត្ថម្ភម៉ាស៊ីនព្រីនធ័រ១គ្រឿង និងក្រដាស២ដុំ និងថវិកាចំនួន៨លានរៀល ជូនគណបក្សឃុំបុសមន សម្រាប់យកទៅប្រើប្រាស់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ខាងមុខផងដែរ៕