(បាត់ដំបង)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបង ចាប់បញ្ជូនជនមុខសញ្ញាគ្រឿងញៀន២នាក់ និងវត្ថុតាងមួយចំនួនទៅតុលាការខេត្តដើម្បីចាត់ការបន្តតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចជំនាញបង្ក្រាបបាននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងស្របតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត បានសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស ចុះប្រតិបត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្ដែង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យម្នាក់ឈ្មោះហូត សាវី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ពេលនោះកម្លាំងជំនាញ បានឆែកឆេររកឃើញវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួន៨ថង់ ទូរស័ព្ទដៃចំនួន១គ្រឿង ជញ្ជីងសម្រាប់ថ្លឹង ថ្នាំញៀនលក់ចំនួនមួយគ្រឿង និងថង់សម្រាប់ រំលែកច្រកថ្នាំញៀនលក់ ព្រមទាំងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ឆ្លងតាមការស្រាវជ្រាវ និងដោយបានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃដដែលសមត្ថកិច្ចជំនាញបន្តកិច្ចប្រតិបត្តិការចុះឃាត់ខ្លួន មុខសញ្ញាជាបក្ខពួកម្នាក់ទៀតឈ្មោះ សេង សុវណ្ណារ៉ា ហៅទូ អាយុ៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយដកហូតបានអាវុធខ្លី (បាញ់គ្រាប់ជ័រប្រើហ្កាស) ចំនួន២ដើម ទូរស័ព្ទដៃចំនួន១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង័្សយទាំងពីរ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តនៅព្រឹកថ្ងៃទី០៧ ខែឧសភានេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕