(កណ្ដាល)៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សជាង៦០០នាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបារម្មណ៍ពីអាយុជីវិតរបស់ប្រជាពលរដ្ឋទូទាំង ប្រទេសចំពោះគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ហេតុដូច្នោះហើយទើបសម្ដេចបានស្រោចវ៉ាក់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃទូទាំងប្រទេស ទើបយើងទាំងអស់គ្នារួចផុតពីគ្រោះកាចកូវីដ១៩នេះ។
លោកអភិបាលស្រុកបានថ្លែងយ៉ាងដូច្នេះ ខណៈលោកតំណាងលោកអភិបាលខេត្ត បានអញ្ជើញនៅក្នុងពិធីសូត្រមន្ត និងសម្ពោធខ្លោងទ្វារសាលាបឋមសិក្សា ហ៊ុន សែន ព្រែកតាកូវ ស្ថិតក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។
លោក ប៊ុន ផេង បានផ្ដាំផ្ញើការសួរសុខទុក្ខ និងនឹករលឹកយ៉ាងខ្លាំងពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល ពិសេសដល់ សិស្សានុសិស្សទាំងអស់ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនដឹកនាំប្រទេសជាតិ អភិវឌ្ឍប្រទេសជាតិ រួបរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នា។
ក្នុងឱកាសនោះ ជួសមុខលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល, លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងពីគុណបំណាច់ដ៏អស្ចារ្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាព មានស្ថេរភាពនយោបាយ មានការរីកចម្រើន ដែលជាឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការលូតលាស់ទៅមុខជាលំដាប់ ក្នុងនោះវិស័យអប់រំក៏ត្រូវបានមើលឃើញថា មានគុណភាពកាន់តែល្អឡើងៗ ហើយបញ្ញវន្តខ្មែរយើងក៏កាន់តែកើតមានច្រើនឡើងៗផងដែរ ដែលទាំងនេះអាចលេចចេញជារូបរាងបាន ក៏អាស្រ័យពីកត្តាសន្តិភាពផងដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវចេះស្រលាញ់សន្តិភាព ថែរក្សាសន្តិភាព រួមគ្នាការពារសន្តិភាពទាំងអស់គ្នា។
ស្ថិតក្នុងកម្មវិធីនេះ លោក ប៊ុន ផេង ក៏បាននាំយកសម្ភារសិក្សា សារុង និងថវិកា ឧបត្ថម្ភរបស់ក្រុមហ៊ុនមហារដ្ឋាត្រេឌីង ឧបត្ថម្ភដល់សមាជិកសមាជិកាដែលបានចូលរួមដូចខាងក្រោម៖
*ឧបត្ថម្ភដល់មន្រ្តីរាជការសាលាស្រុក ក្នុងម្នាក់ទទួលបានថវិការ ៥ម៉ឺនរៀល និងសារុង១
*ឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំព្រែកតាកូវក្នុងម្នាក់ ៤ម៉ឺនរៀល
*ឧបត្ថម្ភដល់លោកគ្រូ-អ្នកគ្រូ យុវជនស.ស.យ.ក កាយរិទ្ធ កាកបាទក្រហម ប្រជាការពារ នាយប៉ុស្តិ៍ និងប្រជាជនចូលរួម ២៥០នាក់ ក្នុងម្នាក់ទទួលបានថវិការ ២ម៉ឺនរៀល និងសារុង១
*ឧបត្ថម្ភដល់សិស្សានុសិស្សចូលរួមចំនួន ៣០០នាក់ ក្នុងម្នាក់ទទួលបាន សៀវភៅ ២ក្បាល ប៊ិច ខ្មៅដៃ ប្រដាប់ខួង និងថវិការក្នុងម្នាក់ ៥ពាន់រៀល៕