(ប៉េកាំង)៖ អតីតជំនួយការរដ្ឋមន្ត្រីការបរទេសចិន លោក Zhang Kunsheng ត្រូវបានបណ្ដេញចេញពីបក្សកុម្មុយនីស្តចិន បន្ទាប់ពីរកឃើញថា គាត់បានល្មើសនឹងច្បាប់បក្ស ព្រមទាំងជាប់ពាក់ព័ន្ធរឿងស៊ីសំណូក នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា។
បក្សកុម្មុយនីស្តចិន បានរកឃើញថា លោក Zhang Kunsheng បានលួចបង្កើតក្លឹបកម្សាន្តជាលក្ខណៈឯកជន, ទទួលយកអំណោច និងប្រាក់សំណូក ព្រមទាំងដោះដូរអំណាចជាថ្នូរនឹងការរួមភេទ។ ក្រៅពីនេះ គណៈកម្មការមជ្ឈិមបក្សបក្សកុម្មុយនីស្តចិន នៅរកឃើញថា លោក Zhang Kunsheng បានប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ខ្លួន និងអ្នកដទៃ ជាពិសេសគឺរឿងយកសំណូកតែម្ដង។
គួរបញ្ជាក់ផងដែរថា លោក Zhang Kunsheng នឹងត្រូវប្រឈមមុខនៅក្នុងតុលាការ ហើយបើតាមច្បាប់ អាចនឹងជាប់គុកច្រើនឆ្នាំ៕