(តាកែវ)៖ «ការកសាងនូវអំពើល្អ ដោយជួយដោះស្រាយរាល់បញ្ហាលំបាកនានារបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ពោលបើមានតួនាទីជាក្រុមប្រឹក្សាឃុំ ត្រូវបម្រើសេវាសាធារណៈជូនពលរដ្ឋមូលដ្ឋានឲ្យបានលឿនរហ័ស រីឯប៉ូលីសប៉ុស្តិ៍ ត្រូវការពារសន្តិសុខ សុវត្ថិភាព បោះសំអាតឲ្យបានរាល់ល្បែងស៊ីសងគ្រប់ប្រភេទ អំពើពាលាអាវ៉ាសែគ្រប់រូបភាព ជាមូលដ្ឋានសុខសាន្ត ជាភូមិ ឃុំ មានសុវត្ថិភាព»។ នេះជាការការលើកឡើង របស់លោកបណ្ឌិត ពេជ សោភ័ន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស។

លោកបានលើកឡើងបន្ថែមថា បើមានចំណុចខ្វះខាតណាមួយធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ត្រូវកែលម្អនូវចំណុចទាំងនោះឲ្យបានល្អឡើងវិញ កន្លែងណាដែលមិនបានធ្វើ ត្រូវប្រញាប់ប្រញាល់ធ្វើជូនពួកគាត់។ ទង្វើល្អទាំងនេះហើយ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជារបស់យើង តែងទទួលបានជោគជ័យរាល់ការបោះឆ្នោត ដូច្នេះក្នុងនាមយើងជាសមាជិករបស់គណបក្សត្រូវប្រព្រឹត្តតែអំពើល្អ និងបំផុសស្មារតីការចូលរួមធ្វើអំពើល្អនេះឲ្យបានគ្រប់ទីកន្លែង។

ការលើកឡើងនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំទាំងពេញសិទ្ធិ និងបម្រុងរបស់ស្រុកព្រៃកប្បាស ដែលរៀបចំធ្វើឡើងដោយផ្ទាល់ចំនួន៧ឃុំ ក្នុងនោះមានប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៧, គណបក្សស្រុក, បេក្ខជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធិ និងបម្រុង សរុបប្រមាណ ១៣០នាក់ ព្រមទាំងមានការចូលរួមតាមរយៈប្រព័ន្ធ(Zoom) នៃឃុំទាំង៦ នៃស្រុកព្រៃកប្បាស និងគណបក្សស្រុកចំនួន៥ផ្សេងទៀត នៃខេត្តតាកែវ។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង បំផុសឱ្យបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ក្នុងស្រុកព្រៃកប្បាស កាន់តែសកម្មឡើងថែមទៀត, លើកកម្ពស់ការជឿជាក់លើខ្លួនឯងសម្រាប់ការគិតប្រកបដោយបញ្ញា ការសម្រេចចិត្តបានត្រឹមត្រូវ និងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់សមត្ថភាពក្នុងការនិយាយរបស់ឃោសនិក ទៅកាន់ក្រុមមនុស្ស ឬបុគ្គលណាម្នាក់ ឱ្យគេជឿទុកចិត្ត ទទួលយក និងគាំទ្រគំនិត ទស្សនៈ និងគោលនយោបាយនានា។

លោកបណ្ឌិត ពេជ សោភ័ន បញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបាននូវចំណេះដឹងចំនួនពីរ៖ ទីមួយ. ការជឿជាក់ខ្លួនឯងប្រកបដោយបញ្ញា គឺមានសេរីភាពក្នុងការគិតប្រកបដោយភាពប្រាកដប្រជាមិនស្រពេចស្រពិល (មានគោលដៅច្បាស់លាស់) ឈានដល់ការធ្វើសកម្មភាពប្រកបដោយលក្ខណៈវិជ្ជមាន។ ទីពីរ. ការនិយាយក្នុងចំណោមមហាជន ដែលផ្តល់ចំណេះដឹងអំពីសិល្បៈនៃការនិយាយដោយប្រសិទ្ធភាពទៅកាន់អ្នកស្តាប់, ជួយឱ្យអ្នកនិយាយអាចបង្ហាញពីគំនិត ទស្សនៈ និងគោលនយោបាយនានាដល់អ្នកស្តាប់ និងជាឱកាសធ្វើឱ្យអ្នកស្តាប់គាំទ្រនូវគំនិតដែលអ្នកនិយាយចង់បាន និងជួយឱ្យសិក្ខាកាមមានទំនុកចិត្តនៅក្នុងខ្លួន និងអភិវឌ្ឍអាជីព និងជីវិតបានកាន់តែប្រសើរឡើង។

លោកបណ្ឌិត ពេជ សោភ័ន បន្តថា កន្លងមកក្រុមការងារ ក៏បានផ្តល់ការបណ្តុះបណ្តាលដល់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ នៃស្រុកព្រៃកប្បាស ឲ្យចេះប្រើប្រាស់ប្រព័ន្ធអនឡាញពីចម្ងាយ ដើម្បីធ្វើការទំនាក់ទំនង និងរៀបចំជាកិច្ចប្រជុំនានាបាន។ លោកបណ្ឌិត បញ្ជាក់ថា នៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ មានទាំងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ បើឃើញថាព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ រឺជាព័ត៌មានបំភ្លៃ បែបញុះញង់ អុជអាល បង្កឲ្យមានអសន្តិសុខសង្គម យើងជាសមាជិបក្សត្រូវចូលរួមបំភ្លឺដោយបង្ហាញព័ត៌មានពិតដើម្បីបន្សាបព័ត៌មានក្លែងក្លាយទាំងនោះ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងអំណរគុណដល់ក្រុមការងារចុះមូលដ្ឋានទាំងអស់ ដែលបានចំណាយទាំងកម្លាំងកាយចិត្ត រួមនឹងថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមឧបត្ថម្ភគាំទ្រអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក ទាំងពុទ្ធចក្រ និងអាណាចក្រ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងបានថ្លែងអំណរគុណដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើចលនាកៀងគរមហាជន ឲ្យបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា តាមរយៈអំពើល្អរបស់យើង ដោយពង្រឹងស្មារតីជាធ្លុងមួយ រក្សាចាស់ បង្កើតថ្មី សមាជិកបក្សម្នាក់ៗ ជាសំលេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមួយសន្លឹក។

នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត សហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស បានប្រគល់ជូនម៉ាស់ក្រណាត់ដែលអាចបោកទឹកប្រើប្រាស់បានរយៈពេល ២០ដង ជូនដល់គណបក្សឃុំទាំង១៣ នៃស្រុកព្រៃកប្បាស សរុបចំនួន ១២ម៉ឺនម៉ាស់ផងដែរ៕